នៅរសៀលថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Stuart Calman ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានតាមដានការងារបន្ត ពីអ្វីដែលឯកឧត្តមអគ្គលេខាធិការអាស៊ាន និងឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលសេឡង់ បានពិភាក្សាគ្នានៅប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះ ព្រមទាំងពិភាក្សារិះរកវិធីដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងនូវែលសេឡង់ ជាពិសេសការត្រៀមសម្រាប់ខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ នៅឆ្នាំ២០២៥។






