ខណៈស្ថិតនៅប្រទេសសិង្ហបុរីដើម្បីចូលរួមធ្វើបាឋកថាក្នុងកម្មវិធី ST Lee Distinguished Lecture ប្រចាំឆ្នាំ តមតាមការអញ្ជើញ របស់មហាវិទ្យាល័យគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី នៅព្រឹកថ្ងៃពុធ ៤ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Masagos Zulkifli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារសិង្ហបុរី ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌ (ASCC) លើកទី ៣១ ដែលគ្រោងប្រព្រឹត្តទៅនៅខែមីនា ខាងមុខ ក្នុងប្រទេសឡាវ ក៏ដូចជាពិភាក្សាអំពីវឌ្ឍនភាពនៃការតាក់តែងផែនការយុទ្ធសាស្ត្រ ASCC សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ព្រមទាំងបញ្ហាផ្សេងៗទៀត។






