ក្រុមមន្ត្រីបាននិយាយថា ប្រធានាធិបតីស្រីលង្កា លោកហ្គោតាបាយា រ៉ាចាផាកស្សា(Gotabaya Rajapaksa) ដែលត្រូវបានបណ្តេញចេញពីតំណែងបានវិលត្រឡប់មកប្រទេសវិញ ជាច្រើនសប្តាហ៍បន្ទាប់ពីបានភៀសខ្លួនចេញ ពីប្រទេស ដែលរងគ្រោះដោយវិបត្តិ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា អតីតមេដឹកនាំអាយុ៧៣ឆ្នាំរូបនេះ បានចុះចតនៅរដ្ឋធានីកូឡុំបូ តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីពីប្រទេសថៃ កាលពីព្រឹកថ្ងៃសៅរ៍។គួរបញ្ជាក់ថា លោក រ៉ាចាផាកស្សា (Rajapaksa) បានលាលែងពីតំណែង កាលពីខែកក្កដា បន្ទាប់ពីបាតុកររាប់ម៉ឺននាក់ បានខឹងសម្បារដោយវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបានសម្រុកចូលការិយាល័យនិងលំនៅដ្ឋានរបស់គាត់។គាត់បានភៀសខ្លួនទៅប្រទេសម៉ាល់ឌីវនៅថ្ងៃទី៩ ខែកក្កដាបានទៅប្រទេសសិង្ហបុរីពីទីនោះហើយបានចំណាយពេលប៉ុន្មានសប្តាហ៍កន្លងមកនេះនៅក្នុងប្រទេសថៃសម្រាប់ទិដ្ឋាការការទូត។ តាមការរំពឹងទុកគឺថាយ៉ាងហោចណាស់គាត់ នឹងត្រឡប់ទៅលំនៅដ្ឋានឯកជនរបស់គាត់វិញ ហើយរក្សាភាពស្ងប់ស្ងាត់។ អ្នកនៅព្រលានយន្តហោះ ដែលបានបញ្ជាក់ការមកដល់របស់គាត់បាននិយាយថា គាត់ហាក់ដូចជាសម្រាក កាយ និងរីករាយដែលបានត្រលប់មកវិញ»៕
ប្រែសម្រួលដោយ ប៊ុន សុភាព






