លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល បានបដិសេធចំពោះការផ្សាយបំពុលព័ត៌មានថា អ្នកគ្រូបង្រៀនម្នាក់ បានស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ-១៩។
ការប្រកាសបដិសេធនេះ នៅបន្ទាប់ពីឈ្មោះ សឺនហាយ ជាខ្មែរក្រោមដែលរត់ចេញពីកម្ពុជា ទៅនៅក្រៅប្រទេស កាលពីប៉ុន្មានឆ្នាំមុននោះ បានបង្ហោះលើទំព័រហ្វេសប៊ុកថា មានគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ-១៩។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា កញ្ញា ឆន ណារី អាយុ ២១ឆ្នាំ ជាគ្រូបង្រៀននៅខេត្តក្រចេះ អ្នកគ្រូបានទទួលមរណភាពដោយសារតែជំងឺរលាកស្រោមខួរ។ ដូច្នេះក្រសួង សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារផង។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល បានបង្ហាញថា រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់មានគ្រូបង្រៀនណាម្នាក់ទទួលការចាក់វ៉ាក់សាំងនៅឡើយទេ។
លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាផ្សព្វផ្សាយបំពុលព័ត៌មាននេះ៕






