សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប៦២៣នាក់។
របាយការណ៍របស់សាកលវិទ្យាល័យបានឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររងចំនួន ១១១នាក់ នារី ៧៩នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ៤៤២នាក់ នារី ៣៤០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០នាក់ នារី ១៧នាក់។
របាយការណ៍សាលាបានបង្ហាញដែរថា និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៦៥នាក់ នារី ៤១៤នាក់ និងនិស្សិតផ្នែកទូទៅក្រៅពីវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៨នាក់ នារី ២២នាក់។
សូមបញ្ជាក់ថា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបានបណ្តុះបណ្តាលលើជំនាញវេជ្ជសាស្ត្រមានដូចជា មហាវិទ្យាល័យហ្វាម៉ាស៊ី មហាវិទ្យាល័យឱសថសាស្ត្រ មហាវិទ្យាល័យគិលានុបដ្ឋាក និងឆ្មប មហាវិទ្យាល័យទន្តសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជីវបច្ចេកវិទ្យាជាដើម។
សាកលវិទ្យាល័យ ក៏មានបង្រៀនជំនាញផ្សេងៗមួយចំនួនទៀត ដូចជាមហាវិទ្យាល័យអក្សសាស្ត្រអង់គ្លេស មហាវិទ្យាល័យជំនួញ សហគ្រិនភាព និងបច្ចេកវិទ្យាជាដើម។
សាកលវិទ្យាល័យ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧។ លោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានឱ្យដឹងថា បច្ចុប្ប ន្ន សាកលវិទ្យាល័យពុទ្ធិសាស្ត្រ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យពេញម៉ោងសរុប ១៧២នាក់ នារី ៨៨នាក់ និងសាស្ត្រាចារ្យក្រៅម៉ោងសរុប ៣៣៧នាក់ នារី ៨៨នាក់។ ដោយឡែកនិស្សិតដែលកំពុងសិក្សាមានចំនួន ២,១៤៨នាក់ នារី ១,២៧៩នាក់។
គិតចាប់ពីឆ្នាំសិក្សា ឆ្នាំ២០០៦-២០០៧ ដល់ឆ្នាំសិក្សា ២០២១-២០២២ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគ ជ័យមានចំនួន ៤,០៤៦នាក់ នារី២,៣២៤នាក់។ យោតាមការស្ទង់មតិបានបង្ហា ញថា និស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ អ្នកមានការងារធ្វើមានជាង ៩៦ភាគរយ៕







