ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា។
រដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទំាងទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ។ សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន បានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូន ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន និងគណៈប្រតិភូ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា បន្ទាប់មកប្រធានរដ្ឋសភាទំាងពីរបានជួបពិភាក្សាការងារទ្វេរភាគីក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរដ្ឋសភា រដ្ឋាភិ បាល និងប្រជាពលរដ្ឋប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។
ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បញ្ជាក់ថា ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទំាងកិច្ចប្រជុំពាក់ព័ន្ធ និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានធ្វើឱ្យកិត្យានុភា ពរបស់កម្ពុជាកាន់តែរន្ទឺឡើងនៅលើឆាកអន្តរជាតិ។
ឯកឧត្តមប្រធានរដ្ឋសភាថែមទាំងបានជាមេរៀននិងបទ ពិសោធន៍សំខាន់មួយ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ាលើកទី៤៥ របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ។
ប្រធានរដ្ឋសភាប្រទេសទំាងពីរបានគំាទ្រចំពោះ វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយ និងយូរអង្វែង” ដោយបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានសន្យាថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងប្រជាជនប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំនិងសកម្មឡើងទៀតនៅលើគ្រប់វិស័យ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរកម្ពុជា-ឡាវ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានជាង៦០ឆ្នាំមកនេះ កាន់តែរឹងមាំទ្វេដងថែមទៀត។
ប្រធានរដ្ឋសភាប្រទេសទំាងពីរបាន ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកលើស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ពិសេសអំពីរដ្ឋសភាទំាងពីរទៅវិញទៅមក។
បន្ទាប់មកសម្តេចប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តមប្រធានរដ្ឋសភាឡាវ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងរដ្ឋសភាប្រទេសទំាងពីរ និងបានអញ្ជើញជាអធិបតីភាពក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែទូលំទូលាយឡើង នៅគ្រប់កម្រិត ទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី នៅលើវេទិកាអន្តរសភានានា សំដៅបម្រើដល់ផលប្រយោជន៍ប្រទេសទំាងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង៕