លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្ប: បានចុះសួរសុខទុក្ខសិល្បករសិល្បការិនី លោកគ្រូ អ្នកគ្រូ ដែលកំពុងហ្វឹកហាត់ត្រៀមសម្តែងទស្សនីយភាពសម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំ។
លោកជំទាវបានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ដល់ការលះបង់កម្លាំងកាយ ចិត្តប្រាជ្ញាស្មារតី របស់សិល្បករ សិល្បការិនី និងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំហ្វឹក ហាត់ការសម្តែងរយៈពេលជាង៣ខែមក ប្រកបដោយឆន្ទះ ម្ចាស់ការខ្ពស់ការ។ ការខិតខំប្រឹងរបស់សិល្បករ សិល្បការិនី និងលោកគ្រូ អ្នកគ្រូទាំងអស់គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ពិសេសបានញ៉ុំាងអោយព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធម ដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះដល់កូនខ្មែរគ្រប់ជំនាន់។
គួរបញ្ជាក់ជូនថា ពិធីបើកផ្លូវការព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិតេជោមរតក ក្រោមអធិបតីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕