ភ្នំពេញ ៖ ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែក២នាក់ទៀតប្តីនិងកូនតូចបានរងរបួស ខណៈពេលកំពុងជិះម៉ូតូមួយគ្រឿង
ស្រាប់តែរថយន្តដឹកទឹកកកម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង បើកវ៉ាស្តាំរថយន្ត ក៏ជ្រុលទៅបុក ពីក្រោយម៉ូតូជនរងគ្រោះពេញ ទំហឹង បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តនោះកិន បណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង។ បន្ទាប់ពីបង្កគ្រោះថ្នាក់ អ្នកបើកបរបានរត់គេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិត្រពាំងគល់សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីរងគ្រោះស្លាប់នៅកន្លែង ឈ្មោះ សុខា ស៊ីណា អាយ៣៥ឆ្នាំ មុខរបរកម្មាការីរោងចក្រ មានកូន២នាក់ ប្រុស១ ស្រី១ មានប្តីឈ្មោះ លន់ សុភ័ក្រ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វឯម ខេត្តកណ្តាល ។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ានដាយ ឃ្លប់ ចំណុះ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6120អ្នកបររត់បាត់។
តាមសម្តីជនរងគ្រោះជាប្តី បានអោយដឹងថា មុនកើតហេតុគាត់ជិះម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-2548 ឌុបប្រពន្ធពីក្រោយ ហើយអង្គុយឱបកូនប្រុសម្នាក់ផង ក្នុងគោលបំណងឆ្ពោះទៅ រោងចក្រ ដោយធ្វើដំណើរ ឆ្លងផ្លូវជាតិលេខ៤បញ្ឆិត ពីកើតទៅលិចដោយផ្លូវអមកង់កូនស្រីម្នាក់ទៀតជិះទៅរៀន។
ខណៈពេលឆ្លងបានបន្តិច ស្រាប់តែរថយន្តបង្ក បើកពីកើតទៅលិច បើកជែងរថយន្តខាងមុខពីខាងស្តាំដៃ ជ្រុលទៅបុក ម៉ូតូពីក្រោយតែម្តង បណ្តាលឲ្យដួលធ្លាក់ប្រពន្ធចូលក្រោមរថយន្តបង្កកិនស្លាប់ភ្លាមៗ នៅកន្លែង ។ ចំណែក ប្តី កូនប្រុស រងរបួសស្រាល ។ ក្រោយកើតហេតុភ្លាម អ្នកបើកបររថយន្តបង្ក បើកទ្វារចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែង កើតហេតុ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចទាំងប៉ុស្តិ៍ ទាំងនគរបាលខណ្ឌចុះទៅសម្រួលចរាចរណ៍ ។ សពត្រូវក្រុមគ្រួសារ ដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត រីឯរថយន្ត និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីកសាងសុំរឿងចាត់ការ តាមច្បាប់ ៕ ម៉េង ធា










