ភ្នំពេញ ៖ រថយន្តស្ទូចដឹកដុំក្រដាសមួយគ្រឿងបើ់់កជែងជ្រុលចង្កូតទៅបុករថយន្តនីសាន់ដឹកដីពេញទំហឹង បណ្តាយ ក្រឡាប់ ផ្ងារជើងចាក់ដីចោលហើយរថយន្តស្ទូចជ្រុលចង្កូចធ្លាក់បឹងតាមោក សំណាងល្អមិនបណ្តាលឲ្យអ្នកបើកបរ ទាំពីរនាក់រងរបួសនោះឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលេខ១៥១ ភូមិទួលសាគរ សង្កាត់សំរោង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
រថយន្តស្ទូចម៉ាកហុីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A 0043 មិនត្រូវបានស្គាល់ឈ្មោះអ្នកបើកនោះទេ។ចំណេករថយន្តដឹកដីម៉ាកនីសាន់ ពណ៌ខៀវ អត់ស្លាកលេខ បើកដោយឈ្មោះ សយ ចាន់ដារា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពុន ខណ្ឌព្រែកព្នៅ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តនីសាន់ដឹកដីបើកក្នុងទិសដៅពីលិចទៅកើត តាមផ្លូវ១៥១ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តស្ទូចបើកបរបញ្ច្រាស់ទិសគ្នាពីកើតទៅលិចបានជែងរថយន្ត០១គ្រឿង ទៀតមិនចាំម៉ាកដែលកំពុងបើកបរស្របទិសដៅគ្នាជ្រុលទៅបុករថយន្តដឹកដីពេញទំហឹង បណ្តាលអោយក្រឡាប់ផ្ងារជើង ចាក់ដីចោល។ ចំណែករថយន្តស្ទូចក៏ជ្រុលទៅឆ្វេងដៃធ្លាក់ចូលទឹកបឹងតាមោកតែម្តង។
តាមនគរបាលអោយដឹងថា អ្នកបើកបរពុំបណ្តាលអោយរងរបួសឡើយ រថយន្តទាំ២គ្រឿងខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង យករថយន្តទាំ២គ្រឿងទៅរក្សាទុក បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីដោះស្រាយសងការខូចខាត៕ ម៉េង ធា










