រថយន្ត ម៉ូតូ និងរណាយន្តរាប់ពាន់គ្រឿង ត្រូវបានមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ខេត្ត មណ្ឌលគីរី ធ្វើការបង្ក្រាប និងដកហូតយកមករក្សាទុក និងបញ្ជូនទៅតុលាការ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវប្រជាពលរដ្ឋ ទម្លាក់ចោលការចូលកាប់ឈើ បរបាញ់សត្វ ដើម្បីចាប់យករបរថ្មី សំដៅចូលរួម និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។
ក្នុងឱកាសនៃដំណើទស្សនៈកិច្ចនៃយុទ្ធនាការអន្ទាក់សូន ខេត្តមណ្ឌលគីរី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោកហាន សាខន ប្រធានការិយាល័យដែន ជម្រកសត្វព្រៃកែវសីមា បានបញ្ជាក់ថា ចាប់តាំងឆ្នាំ ២០១៧មក រថយន្តកែច្នៃរាប់ពាន់គ្រឿង ត្រូវបានចាប់ និងយកមករក្សាទុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ វត្ថុតាងទាំងនេះ មួយចំនួនត្រូវបានដោះ ស្រាយតាមផ្លូវច្បាប់រួចរាល់ និងមួយចំនួនទៀត កំពុងរង់ ចាំនីតិវិធីតុលាការ។
លោកប្រធានការិយាល័យដែនជំរកសត្វព្រៃកែវសីមា បញ្ជាក់ថា វត្ថុតាងឈើ ដែលបានដោះស្រាយរួច ត្រូវបានការិយាល័យដែន ជម្រកសត្វព្រៃកែវសីម៉ា រួមទាំងក្រសួងបរិស្ថានធ្វើការដេញថ្លៃ ដើម្បី លក់យកថវិកាចូលរដ្ឋផងដែរ។
គិតពីដើមឆ្នាំ ២០២២ រហូតដល់ខែកក្កដា នៅការិយាល័យដែនជម្រក សត្វព្រៃកែវសីម៉ា បានដកហូតវត្ថុតាង រួមមានរថយន្តចំនួន ១៤គ្រឿង ម៉ូតូចំនួន៧៦គ្រឿង គោយន្តចំនួន៦គ្រឿង រណាយន្ត១៨១គ្រឿង ឈើចំនួន៩៣ម៉ែត្រគីប និងអន្ទាក់ជាង ២៧១អន្ទាក់។ ជាមួយគ្នានេះ ការិយាល័យដែនជម្រក សត្វព្រៃកែវសីម៉ា ក៏បានកសាងសំណុំរឿង បញ្ជូនទៅតុលាការចំនួន៤៥ករណី ពិន័យអន្តរការណ៍ ៤ ករណី និងដីការសម្រេចឃុំខ្លួនជនសង្ស័យចំនួន ១៥នាក់។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា បទល្មើសធនធាន ធម្មជាតិ ពិសេសការកាប់ឈើ និងការដឹកជញ្ជូនលែង មានទ្រង់ទ្រាយធំទៀតហើយ ពោលនៅមានតូចៗ ដឹក តាមម៉ូតូប៉ុណ្ណោះ។
តែយ៉ាងណាក្រសួងនៅតែបន្ត អនុវត្តវិធានការតឹងរ៉ឹងចំពោះជនល្មើសលួចកាប់ និងដឹកឈើ ទោះទំហំតូចរឺធំ។ ឯ.ឧ បន្តថា មកទល់ពេលនេះ ប្រជាពលរដ្ឋ ដែលធ្លាប់តែអាស្រ័យផលតាមរយៈការកាប់ព្រៃឈើ ចាប់សត្វព្រៃ បានកែប្រែឥរិយាបថបន្តិច ម្តងៗ ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វ ងាកមក បង្កបង្កើនផលកសិកម្ម និងទទួល ផលពីវិស័យទេស ចរណ៍។ ការបង្កើតការងារថ្មី ដល់ប្រជាពលរដ្ឋ ជំនួសការចូលព្រៃកាប់ឈើ បរបាញ់សត្វ ដាក់អន្ទាក់ មានសារៈសំ ខាន់ណាស់ ក្នុងការជំរុញការលើកកំពស់ការងារអភិរក្សធនធានធម្មជាតិ។
សូមជម្រាបថា ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីសរុប ២៩ម៉ឺន ២.៦៩០ ហិចតា ព្រំប្រទល់ជាប់នឹងដែនជម្រក សត្វព្រៃភ្នំព្រិច និងប្រទេសវៀតណាម។ ដែនជម្រកសត្វព្រៃកែវសីមា មានសត្វព្រៃច្រើនជាង ១០០០ប្រភេទ ថនិកសត្វ ៩៤ប្រភេទ ក្នុងនោះ២២ ប្រភេទកំពុងរងការគម្រាមកំហែង បក្សីចំនួន៣៥៦ ប្រភេទ និងដើមឈើ និងរុក្ខជាតិចំនួន ២៦៧ប្រភេទ៕






