តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីម្សិលមិញ បានឲ្យដឹងថា បានបញ្ជាក់ ឲ្យដឹងថា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជុំទី២ ដែលចាប់ផ្ដើមនៅថ្ងៃអង្គារម្សិលមិញតាមរយៈការប្រើប្រាស់សេវាផ្ទេរប្រាក់វីង រាជរដ្ឋាភិបាលនឹងបើកដល់សាច់ប្រាក់ជាថវិកា ជាតិចំនួន៣០លានដុល្លារអាមេរិក ជូនប្រជាពលរដ្ឋចំនួន ២ លាន ៦សែននាក់ សម្រាប់ខែសីហា។
ទំហំថវិកានេះមាន ការកើនឡើងពី២៦ លានដុល្លារអាមេរិចនៅ ខែកក្កដា និង២៣លានដុល្លារអាមេរិក នៅខែមិថុនា ដោយសារតែមានការកើនឡើង នៃចំនួនគ្រួសារក្រីក្រតាមរយៈការកំណត់អត្តសញ្ញាណតាមការស្នើសុំមានចំនួន៦ម៉ឺនគ្រួសារបន្ថែមទៀត។

សេចក្តីប្រកាសព័ត៌មានបន្ថែមថា កម្មវិធីឧបត្ថម្ភសាច់ ប្រាក់នេះត្រូវបានទទួលស្គាល់ដោយសហគមន៍ជាតិនិងអន្តរជាតិថា ជាកម្មវិធីដែលជោគជ័យមួយដោយប្រើ ប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមបែបឌីជីថលដែលបង្ហាញពីតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ការអនុវត្តកម្មវិធីនេះនៅទូទាំងប្រទេសត្រូវបានធ្វើឡើងដោយអាជ្ញាធរ ឃុំសង្កាត់ ដឹកនាំការអនុវត្ត ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងផែនការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមការសម្របសម្រួល របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។

សូមជម្រាបថា កម្មវិធីជំនួយសង្គមពិសេសនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២៤ មិថុនាឆ្នាំ ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយដោះស្រាយជីវភាព រស់នៅ របស់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលមានប័ណ្ណសមធម៌ រួមបញ្ចូលទាំងអ្នកបាត់បង់ការងារ ឬប្រាក់ចំណូល ដែលធ្វើឲ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រ ៕
វណ្ណា






