អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពី លទ្ធផល នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោករយៈពេលមួយខែ ក្នុងមានរថយន្តល្មើសចំនួន៤៤,៧៦៥គ្រឿងត្រូវបានផាកពិន័យ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារចរាចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) កន្លងទៅការរឹតបណ្ដឹងការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យ លេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានដំណើរការយ៉ាងល្អប្រសើរ និងទទួលលទ្ធផលគួរជាទីកត់ សម្គាល់ គឺសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យ ចំពោះយានយន្តល្មើសច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះ មានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ៣២,៧២៦ករណី ស្មើនឹង៧៣% និង រថយន្តគ្រប់ប្រភេទចំនួន ១២,០៣៩ករណី ស្មើនឹង២៧%។
ឯកឧត្តមនាយឧត្តមសេនីយ៍បញ្ជាក់ថា បើប្រៀបធៀបរយៈពេលដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះចំនួន១៣០ លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤ នាក់)។
ប៉ុន្តែបើប្រៀបធៀបទៅនឹងខែមេសាឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/ ២៤៦លើក) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នករបួសថយចុះ២៦នាក់ ស្មើ៧% (៣៤២/៣៦៨នាក់)៕






