(ខេត្តត្បូងឃ្មុំ,ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១)៖ គ្រាប់បែកមួយគ្រាប់បាន ផ្ទុះឡើងញ័ររញ្ជួយដី ដែលហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង ១២និង១០ នាទីថ្ងៃត្រង់ថ្ងៃទី២១ មេសា២០២១ ស្ថិតនៅលើដី សហគមខាងកើតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ។បណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់ចំនួន៣នាក់ក្នុងនោះដោយសារតែរបួសធ្ងន់ធ្ងរម្នាក់ បណ្ដាលឲ្យស្លាប់ចំណែក២នាក់ទៀតរងរបួសកំពុង សម្រាកនៅមន្ទីរពេទ្យ។
តាមប្រភពសមត្ថកិច្ចនៅមូលដ្ឋានឱ្យដឹងថា:ទីតាំងដែលផ្ទុះគ្រាប់បែកនោះនៅចម្ងាយ២០០ម៉ែត្រ ចំណុចលើដីឈ្មោះបេ គួយ បណ្ដាលឱ្យរងរបួសមនុស្សចំនួន៣ នាក់ ÷១. ឈ្មោះ បេ គួយ ភេទប្រុស អាយុ៧៨ឆ្នាំ (របួសស្រាល) ២.ឈ្មោះ ម៉ុត សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ (របួសធ្ងន់ដាច់ប្រអប់ដៃស្ដាំ)។៣.ឈ្មោះ ពឿន ពៅ ភេទប្រុស អាយុ១២ឆ្នាំ (របួសធ្ងន់)ទាំង៣នាក់មានទីលំនៅភូមិឃុំខាងលើ។ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។
សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តថា បន្ទាប់មកក៏មានការភ្ញាក់ផ្អើលឆោឡោ ដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានដោយបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុឃើញមានស្នាមរណ្ដៅដីនិងឈាម ដែលបន្សល់ទុកក្រោយពី សាច់ញាតិអ្នករងគ្រោះ បានបញ្ជូនមនុស្សទាំងបីនាក់នោះទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក។តាមការសាកសួរពីអ្នករងគ្រោះឲ្យសមត្ថកិច្ចដឹងថាមូលហេតុដំបូងក្មេងប្រុសរើសបានគ្រាប់បែកពីរនៅក្នុងដីភូមិដោយមិនស្គាល់របស់ច្បាស់ក៏អ្នកអាយុ២៩ឆ្នាំ យកមកដំលេងបានបន្តិចក៏បណ្ដាលឲ្យផ្ទុះកក្រើកតែម្ដង និងរបួសអ្នកដំព្រមទាំងអ្នកនៅក្បែរ ត្រូវបានគេដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ក្រោយមកដោយសារតែស្នាមរបួសក្មេងអាយុ១២ឆ្នាំមានលក្ខណៈធ្ងន់ធ្ងរពេកជាហេតុបណ្ដាលឲ្យស្លាប់នារសៀលថ្ងៃដដែល។ហើយត្រូវបានក្រុមគ្រួសារដឹកត្រឡប់យកទៅផ្ទះដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ចំស្ថានភាពដែលកំពុងរឹតបន្តឹងជំងឺកូវីដ-១៩ កំពុងតែផ្ទុះ។
សមត្ថកិច្ចក៏ដូចជាជំនាញអង្គការស៊ីម៉ាក់ធ្លាប់បានក្រើនរំលឹកនិងដាស់តឿនជាញឹកញាប់ប្រសិនបើរើសបានឬប្រទះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កប់ក្នុងដីឬលើដីត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ដែលនៅកៀកបំផុតមិនត្រូវយកគ្រាប់ទាំងនោះមកដំលេងនោះទេ ដើម្បីជៀសវាងបង្កាកុំឱ្យគ្រោះថ្នាក់៕
ដោយ៖
ចាន់ ថេត(កែសម្រួលដោយ មណ្ឌល កែវ)






