ឯកឧត្តម ង៉ោ សុវណ្ណ ជម្រុញឱ្យលេខាធិការដ្ឋានខេត្ត ពង្រឹងសមត្ថភាពមន្ត្រី លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្ដល់ដំណឹង ដើម្បីឆ្លើយតបគ្រោះ មហន្តរាយ បានទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគ្រោះមហន្តរាយ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មាន ប្រសាសន៍ថា ភាពមិនប្រាកដប្រជានៃការប្រែប្រួលអាកាស ធាតុ នៅពេលអនាគត និងការមិនអាចដឹងមុនបាន ដូចនេះមានតែការរួមគំនិតគ្នាខិតខំប្រឹង ប្រែងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តើមចេញពីប្រជាជនម្នាក់ៗ និងគ្រួសារនីមួយៗ ចូលរួមក្នុងភាពជាម្ចាស់ របស់មូលដ្ឋានសហគមន៍ ដើម្បីការរស់នៅដោយសុវត្ថភាពធន់ ជាមួយនឹងគ្រោះមហន្តរាយ។
ឯកឧត្តម ង៉ោ សុវណ្ណ បានជំរុញឲ្យមានការពង្រឹង កិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. និងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត តាមរយៈកិច្ចប្រជុំទៀងទាត់ ដើម្បីចែករំលែក និងដោះស្រាយបញ្ហាប្រឈមរួមគ្នា។ ឯកឧត្តមក៏ បានជម្រុញឱ្យលេខាធិការដ្ឋានខេត្ត ធ្វើការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្ដល់ដំណឹង ដើម្បីឆ្លើយតបគ្រោះ មហន្តរាយឲ្យបានទាន់ពេលវេលា។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានឲ្យដឹងថា ខេត្តព្រះសីហនុ ឆ្នាំ២០២២ មានគ្រោះធម្មជាតិទឹកជំនន់ ក្នុងស្រុកព្រៃនប់ ស្ទឹងហាវ និងកំពង់សីលា។
ទន្ទឹមនោះក៏មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ក្នុងក្រុងចំនួន១ និងស្រុកចំនួន៣ នៃខេត្តព្រះសីហនុ បណ្ដាលឱ្យខូចខាតផ្ទះរបស់ប្រជាពល រដ្ឋចំនួន ៤,១៥៩ខ្នង ស្មើនឹង ៤,១២១គ្រួសារ។ គ្រោះ មហន្តរាយលង់ទឹកមាន ១៨ករណី បណ្ដាលឱ្យមនុស្សស្លាប់ ២០នាក់។
ដោយឡែក គ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន ១៦៧ ករណី បណ្ដាលឱ្យមនុស្សស្លាប់១០២នាក់ខូចខាតរថយន្តចំនួន ២៦៩គ្រឿង ម៉ូតូ ១៦៣គ្រឿង៕






