លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រធានមូលនិធិអាហារូបករណ៍សម្តេចតេជោហ៊ុនសែន ជួបសំណេះសំណាល និងចែករំលែកនូវបទពិសោធន៍ល្អៗ ជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាវិទ្យាសាស្ត្រសុខាភិបាល ដែលបានទទួលអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយប្រឡងជាប់អាហារូបករណ៍ចូលរៀនចំនួន ៦៤នាក់ (ស្រី២៣) កាលពីព្រឹកម្សិលមិញ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិ បាល។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់និស្សិតឆ្នើមទាំងអស់។
ក្នុងនោះលោកជំទាវបណ្ឌិតបានកោតសរសើរ ចំពោះការខិតខំរៀនសូត្ររហូតប្រឡងជាប់ដោយជោគជ័យ របស់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនាពេលនេះ។
លោកជំទាវបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នៅតែបន្តផ្តល់អាហារូបរណ៍ ដល់ប្អូននិស្សិតដែលមានបំណងចង់សិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស។
ទន្ទឹមនិងនោះដែរលោកជំទាវបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមនិស្សិតអាហារូបករណ៍ ចូលរួមស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗដោយផ្ទាល់ និងប្រើប្រាស់ចំណេះដឹង ដែលខ្លួនមាន ដើម្បីជួយពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរាយការណ៍ជាសង្ខេបជូនលោកជំទាវ អំពីស្ថានភាពនិស្សិត ដែលទទួលបានអាហារូបករណ៍ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យបានឱ្យដឹងថា ចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥ មកដល់ពេលបច្ចុប្បន្ន ដោយមានការសណ្តោស ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានប្រឡងចូលរៀនជាប់លេខ១ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានចំនួន៨ជំនាន់រួចមកហើយ សរុបចំនួន ២៤៦នាក់ (ស្រី៧៣នាក់) ដែលបានទទួលអាហារូបករណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិតចំនួន៨៦នាក់ (ស្រី២៨នាក់) កំពុងសិក្សានៅឆ្នាំសិក្សា ២០២២-២០២៣៕
ដោយ៖ប៊ុនលេង និងសុផលមុនី






