ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រឈមនឹងការចាប់ខ្លួនពីសំណាក់ក្រុមស៊ើបអង្កេតពិសេស ប៉ុន្តែប្រតិបត្តិការចាប់ខ្លួនតាមដីកានាំខ្លួននោះ បានរាំងខ្ទប់ដោយសារកងអង្គរក្សប្រធានាធិបតី។
ការប៉ុនប៉ងចាប់ខ្លួន លោក Yoon Suk Yeol នៅថ្ងៃទី៣ខែមករាឆ្នាំ២០២៥ ត្រូវបានរារាំងដោយកងកម្លាំងសន្តិសុខផ្ទាល់ខ្លួនរបស់ប្រធានាធិបតីប្រមាណ ២០០នាក់។ ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានព្យួរអំណាច បន្ទាប់ពីលោកប្រកាសច្បាប់អាជ្ញាសឹកដែលធ្វើឲ្យប្រទេសកូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយ។
លោក Yoon Suk Yeol បានខកខានបង្ហាញខ្លួនឆ្លើយបំភ្លឺ នៅតុលាការចំនួន២លើកកន្លងមក។
លោក Yoon បានចេញសេចក្តីប្រកាសបញ្ជាក់ជំហរចំពោះអ្នកគាំទ្រថា នឹងប្រយុទ្ធដល់ទីបញ្ចប់ ខណៈក្រុមអ្នកគាំទ្ររបស់លោក បានរារាំងការប៉ុនប៉ងចាប់ខ្លួនលោក Yoon ដើម្បីយកទៅសួរចម្លើយជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលថ្ងៃទី៣ ខែធ្នូ ២០២៤។
ក្រុមបាតុករគាំទ្រលោក Yoon បានប្រមូលផ្តុំគ្នានៅខាងក្រៅនិវេសនដ្ឋានប្រធានាធិបតី ដើម្បីរារាំងការអនុវត្តដីកាចាប់ខ្លួនក្រោយតុលាការក្រុងសេអ៊ូលចេញដីកាចាប់ខ្លួនកាលពីថ្ងៃអង្គារទី៣១ខែធ្នូ២០២៤ ហើយនៅថ្ងៃទី១ខែមករា២០២៥ លោក Yoon បានចេញសារទៅកាន់អ្នកគាំទ្រថា «លោកនឹងប្រយុទ្ធដល់ទីបញ្ចប់»៕






