ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយសមភាគីកាហ្សាក់ស្ថាន លោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) នៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ។
\វាគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូង របស់មេដឹកនាំកាហ្សាក់ស្ថាន ចាប់តាំងពីលោកបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីកាហ្សាក់ស្ថាន សម្រាប់អាណត្តិទីពីរកាលពីសប្តាហ៍មុន។ មេដឹកនាំទាំងពីរបានចូលរួមវេទិកាអន្តរតំបន់រវាងរុស្ស៊ី និងកាហ្សាក់ស្ថាន តាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃចន្ទ។
រុស្ស៊ីគឺជាអ្នកវិនិយោគធំបំផុតមួយនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកាហ្សាក់ស្ថាន។
លោកពូទីនបាននិយាយនៅក្នុងវេទិកាដោយអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយក្នុងឱកាសនៃចំណងការទូតរយៈពេល៣០ ឆ្នាំរបស់ពួកគេផងដែរ នេះបើយោងតាមវិមានក្រឹមឡាំង។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ សហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋកាហ្សាក់ស្ថានបានអះអាងសារជាថ្មីនូវការពិតថា មិនអាចមានអ្នកឈ្នះនៅក្នុងសង្គ្រាមនុយក្លេអ៊ែរទេ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






