(ខេត្តកំពង់ចាម,ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០)៖ អាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់បានធ្វើការជួសជុលទំនប់បង្ហៀរទឹក១ខ្សែប្រវែង៣.៩០០ ម៉ែត្រ ដែលបន្សល់ពីសម័យប៉ុល ពត ព្រមទាំងដាក់ទ្វារទឹកចំនួន៣ សម្រាប់ស្រោចស្រពដំណាំស្រូវ បានទាំងរដូវប្រាំងនិងវស្សាជាង៣.០០០គ្រួសារ ស្ថិតនៅព្រំប្រទល់ស្រុកព្រៃឈរ-ជើងព្រៃ ត្រូវបានកសាងរួចរាល់១០០% ហើយ។
ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត បានឲ្យដាំដើមស្ដៅប្រមាណ៣.០០០ ដើមនៅតាមខ្នងទំនប់ទាំងសង្ខាងសម្រាប់ជាម្លប់ ហើយអនាគតផ្កាស្ដៅគឺសម្រាប់ធ្វើម្ហូបមានឱជារសឆ្ងាញ់ទៀតផង។
អ្នកស្រី រៀល ធី អាយុ៥១ឆ្នាំ រស់នៅឃុំសំរោង ស្រុកព្រៃឈរ ប្រាប់ឲ្យដឹងថា: គាត់មានដីស្រែប្រាំងទំហំកន្លះហិកតាកាលពីមិនទាន់មានទំនប់ ពេលធ្វើស្រែ
ម្ដងៗត្រូវបូមទឹករហូតទៅដល់២ដំណាក់ ទើបដល់ស្រែរបស់គាត់ដែលមានផលវិបាកច្រើន ក្នុងការដោះស្រាយទឹក។
ពេលដែលបានទំនប់នេះ ត្រូវជួសជុលរួចរាល់គាត់នឹងលែងខ្វល់ពីបញ្ហាទឹកទៀតហើយ គឺពិតជាសប្បាយរីករាយនិងអរគុណដល់ឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយ លើប្រព័ន្ធស្រោច ស្រពដំណាំស្រូវ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកសាំង ឆន មេឃុំសំរោង មានប្រសាសន៍ឲ្យដឹងថា:នាពេលកន្លងមកកាលដែលទំនប់បង្ហៀរទឹកមិនទាន់ជួសជុលប្រជាពលរដ្ឋរស់នៅក្នុងឃុំសំរោងស្រុកព្រៃឈរ ពេលដែលបង្កបង្កើនផលដាំដុះដំណាំស្រូវក្នុងរដូវប្រាំងគឺត្រូវជួបបញ្ហាខ្វះខាតទឹក។
លោកមេឃុំសំរោង មានប្រសាសន៍បន្តថា សមិទ្ធិផលទំនប់បង្ហៀរទឹកដែលបានសាងសង់រួចនេះបានធ្វើឱ្យប្រជាពល រដ្ឋនៅក្នុងឃុំសំរោង និងឃុំព្រៃចារ ស្រុកជើងព្រៃ លែងព្រួយរឿងខ្វះទឹកធ្វើស្រែហើយ។ នេះជាការយកចិត្តទុកដាក់របស់សម្ដេចតេជោសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ។
ជាមួយនោះក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលបានខិតខំជួយកសាងទំនប់បង្ហៀរទឹកមួយខ្សែនេះ ដើម្បីបម្រើប្រយោជន៍ជូនដល់សង្គមជាតិ។ពេលដែលទំនប់នេះបានសាងសង់រួចក្នុងរដូវវស្សាពេលដែលទឹកឡើងមក ប្រៀបនឹងខ្នងទំនប់គឺបានក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ មនុស្សមកកម្សាន្តលេងទៀតផង។
បើតាមមន្រ្តីធនធានទឹកមួយរូបបានឲ្យដឹងថាអាងទឹកនេះមានលទ្ធភាពរក្សាទឹកទុកបានចំនួនប្រមាណ១២លានម៉ែត្រគូប សម្រាប់ស្រោចដំណាំស្រូវស្រូវរដូវវស្សា ចំនួន៤៩២ហិកតា ស្រូវរដូវប្រាំងចំនួន១.២៥០ហិកតា និងដំណាំរួមផ្សំចំនួន៤០ហិកតាស ម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ឲ្យដឹងដែរថា លោកនឹងចាត់ឲ្យមន្ត្រីជំនាញក្រោមឱវាទ ដាំដើមស្ដៅនៅតាមខ្នងទំនប់ចំនួន៣.០០០ដើម រួមនឹងការថែរក្សាព្រៃលិចទឹក ដែលជាជម្រកត្រីពងក្នុងរដូវវស្សាធ្វើយ៉ាងណាខិតខំប្រឹងប្រែងដាំដុះ អភិរក្សបន្ថែមទៀតឲ្យបានច្រើននៅតាមជើងទំនប់ទាំងសង្ខាង៕
ដោយ៖ចាន់ ថេត(កែសម្រួលដោយ មណ្ឌល កែវ)
…………………………………………………………..
SEATV News 24 Hours, Real News from Cambodia
#THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia





