(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ )៖ប្រជាពលរដ្ឋភ្ញាក់មានការរលឹក បាន ស្ម័គ្រចិត្តប្រគល់អាំងវែកទ័រឆក់ត្រី ដល់សមត្ថកិច្ចនគរបាលមានចំនួន ៣០៨ គ្រឿង ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៧ខែកុម្ភៈឆ្នាំ ២០២២ នេះ។
លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿនស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការ ដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្រោយពី យុទ្ធនាការ តាមសេច ក្តីណែនាំ របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ៣០ខែមករា ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាពលរដ្ឋ តាមបណ្ដាស្រុកក្រុងទាំង ៨ក្នុង ខេត្តមានចំនួន៣០៧ នាក់បានភ្ញាក់រលឹកហើយ ស្ម័គ្រចិត្តប្រគល់អាំងវែកទ័រឆក់ត្រី ដល់សមត្ថកិច្ចនគរបាលតាមបណ្ដាមូលដ្ឋានមានចំនួន ៣០៨ គ្រឿង ។
លោកស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បាន ប្រគល់អាំងវែកទ័រឆក់ត្រីដែលជា ឧបករណ៍ខុសច្បាប់ស្ដីពីជលផល សូមយកមកប្រគល់ដល់អាជ្ញាធរ មូលដ្ឋានឬ នគរបាលប៉ុស្តិ៍មូលដ្ឋាន ដើម្បីជាការរួមចំណែកកាត់បន្ថយការហិនហោចនៃមច្ឆជាតិ ។ប៉ុន្តែផ្ទុយទៅវិញ បើប្រជាពលរដ្ឋណាម្នាក់នៅតែបន្តប្រើប្រាស់ឧបករណ៍ឆក់ត្រីនេះ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
សូមបញ្ជាក់ថាគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២២ បានប្រជុំនិងប្រកាសបន្ទាន់ពីការប្រមូលអាំងវែកទ័រឆក់ត្រីនៅបណ្ដា ស្រុកក្រុងទាំង ៨នៃខេត្តកំពង់ឆ្នាំងដើម្បីកាត់បន្ថយការបំផ្លាញមច្ឆជាតិដោយ ឧបករណ៍ឆក់បែបនេះ ៕
ដោយ៖ពៅ សុខហ៊ាន(កែសម្រួលដោយ មណ្ឌល កែវ)






