លោក សួន ម៉ាលីន អភិបាលរងខេត្តព្រៃវែង បានឲ្យដឹងថា ខេត្តព្រៃវែង បានជួបប្រទះនូវទឹកជំនន់ទឹកភ្លៀង ចាប់ពីដើម ខែតុលាឆ្នាំ២០២០ ដែលបានធ្វើឱ្យខូចខាតផ្លូវដែលសាង សង់ដោយមូលនិធិឃុំ សរុបជាង៧ម៉ឺន ៧ពាន់ម៉ែត្រ ទំនប់ប្រឡាយ១៥០ម៉ែត្រ, ប្រព័ន្ធលូ៦៥កន្លែង និងបានប៉ះពាល់ផ្ទៃដីដាំដុះស្រូវចំនួន៧ក្រុងស្រុក។
លោកបន្តថាផលស្រូវដែលប៉ះពាល់សរុបមាន៥,៦៦៨ហិកតា ខូចខាតចំនួន ៣,៥០០ហិកតា ស្មើនឹង ៣,៥០០គ្រួសារ ក្នុងនោះស្រុកបាភ្នំចំនួន៦២៦ហិកតា, ស្រុកកំពង់ត្របែកចំនួន ៧៣៦ហិកតា, ស្រុកមេសាងចំនួន៣៧៦ហិកតា,ស្រុកពាមរក៍ចំនួន ៤៦៥ហិកតា, ស្រុកព្រះស្តេចចំនួន៥៧៦ហិកតា, ក្រុងព្រៃវែងចំនួន៣៦០ហិកតា និងស្រុកពោធិ៍រៀងចំនួន ៣៦១ ហិកតា។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាវត្តមានរបស់សម្ដេចដែលបានមកជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនាឱកាសនេះ គឺស្ថិតក្នុងយុទ្ធនាការមួយរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់លទ្ធភាពឱ្យបងប្អូនអាចចាប់ផ្ដើមការបង្កបង្កើនផលឡើងវិញ។
ការងារផ្ដល់ជំនួយ ពិសេសពូជស្រូវ ពូជបន្លែជូនពលរដ្ឋនាពេលនេះ គឺជាជំហានបន្ទាប់ ក្រោយពីរាជរដ្ឋាភិបាល បានដឹកនាំការងារជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយទឹកជំនន់ ដែលទន្ទឹមគ្នានឹងការជួយសង្គ្រោះនាពេលកន្លងមកនោះ បងប្អូនប្រជាពលរដ្ឋពិតជាបានជ្រាបហើយថារាជរដ្ឋាភិបាល និងអាជ្ញាធរបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនោះ។
សម្ដេច មានប្រសាសន៍ថា បច្ចុប្បន្ន ខេត្តព្រៃវែងជាខេត្តលេខ១ លើខេត្តបាត់ដំបង ដែលមានការបង្កបង្កើនផលស្រូវបានច្រើន ហើយការធ្វើស្រូវបានច្រើននេះ ដោយសារប្រជាពលរដ្ឋ ជាប្រជាកសិករមានឱកាសធ្វើស្រែបាន២ទៅ ៣ដងក្នុងមួយឆ្នាំ អាស្រ័យដោយមានប្រព័ន្ធធារាសាស្រ្ត និងមានមធ្យោបាយធ្វើស្រែទំនើប រួមផ្សុំនឹងការមានទីផ្សារល្អសមរម្យ។
សម្ដេចបានមានប្រសាសន៍ថាសម័យនេះ ទោះបីជាប្រជាក សិករធ្វើស្រែកើនឡើង ប៉ុន្តែតម្រូវការកម្លាំងកសិករធ្វើស្រែបែរជាមានតិចទៅវិញ ដោយសារតែការធ្វើកសិកម្មបានប្រែក្លាយពីកសិកម្មតាមបែបប្រពៃណី មកជាការធ្វើស្រែតាមបែបទំនើប ដូចជាប្ដូរពីការភ្ជួរដោយគោក្របី មកជាការភ្ជួរដោយត្រាក់ទ័រ ឬគោចយន្ត ឬប្ដូរពីការស្ទូងមកជាព្រោះគ្រាប់ និងប្ដូរមកច្រូតកាត់បោកបែនដោយម៉ាស៊ីន។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង សម្ដេចក្រឡាហោម បានថ្លែងអំណរនគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រុមការងារ និងអាជ្ញាធរគ្រប់លំបាប់ថ្នាក់ដែលបានរួមសាហការជួយ សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេល និងបានអំពាវនាវប្រជា ពលរដ្ឋខិតខំកសាងជីវភាពគ្រួសារឱ្យបានប្រសើរ ដើម្បីចូល រួមលើកកម្ពស់សេដ្ឋកិច្ចសង្គម និងប្រទេសជាតិ។
សូមបញ្ជាក់ថា អំណោយដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនេះ រួមមានស្រូវពូជ១០០គីឡូក្រាម, គ្រាប់ពូជបន្លែ៤មុខ មានស្ពែពីរមុខ ត្រប់ និងត្រកួន ព្រមទាំងឃីតមួយកញ្ចប់ មានសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគ រួមទាំងថវិកាមួយចំនួនទៀតដែរ៕






