សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យក្រុមហ៊ុន Huawei ពិនិត្យលទ្ធ ភាពវិនិយោគលើការផលិតសម្ភារគ្រឿងបង្គុំអេឡិកត្រូនិកនៅកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងនៅ ក្នុងជំនួបជាមួយលោក លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
លោក លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd បានបញ្ជាក់ថា ដោយបានការសហការជាមួយក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈ ពេល២៥ឆ្នាំកន្លងមកនេះ សមិទ្ធផលជាច្រើនក្រុមហ៊ុន Huawei Technology Co., Ltd សម្រេចបាន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រព័ន្ធទូរគមនា គមន៍ និងប្រព័ន្ធឆ្លាតវៃ ។
សម្ដេចអធិបតី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ដែលសហការជាមួយនឹងក្រសួង -ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធ ទូរគមនាគមន៍ និងបានជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុងរយៈពេលជាង២ទសវត្សរ៍មក។
សម្ដេចអធិបតី សង្ឃឹម ថាក្រុម ហ៊ុន Huawei Technology Co., Ltd នឹងបន្តនាំ ចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ពីប្រទេសចិន មកកាន់កម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលនយោបាយនៃទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការល្អ រវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្រប សម្រួល និងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនមកកម្ពុជា។
សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមផងដែរ ការអភិវឌ្ឍលើហេដ្ឋា រចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ណាស់ ដែលទាមទារឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការរួមគ្នានៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្តេច ក៏បានស្វាគមន៍ចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធឌីជីថល។
សម្ដេចធិបតី និង លោក លាំង ហ័រ ក៏បានពិភាក្សាអំពីការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយក្រុមហ៊ុន Huawei Technology Co., Ltd បានបង្ហាញចំណាប់អារម្មណ៍លើការបណ្ដុះបណ្ដាលជំនាញនេះ ដោយចាប់ផ្តើមពីកម្រិតបឋមសិក្សា រហូតដល់កម្រិតសាកលវិទ្យាល័យ។
កន្លង មកនេះ ក្រុមហ៊ុន Huawei Technology Co., Ltd ក៏បានសហការជាមួយដៃគូ នៅតាមសាកលវិទ្យាល័យមួយ ចំនួននៅកម្ពុជា លើការងារបណ្ដុះ បណ្ដាលធនធាន មនុស្សលើវិស័យឌីជីថលផងដែរ៕






