សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មានណា ដែលប្រើប្រាស់ភាសា ជេរប្រមាថអ្នកដទៃ។
សម្តេចបញ្ជាក់ថា កម្ពុជាបើកសិទ្ធិក្នុងការបញ្ចេញ មតិ ប៉ុន្តែការជេរប្រមាថមិនមែនជាសិទ្ធិក្នុងការបញ្ចេញមតិនោះទេ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ៣,០០០នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងណែនាំដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ ខៀវ កាញារីទ្ធថា នៅពេលខាងមុខ ប្រសិនបើមានអ្នកសារព័ត៌មានណា ប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកអាជ្ញាបណ្ណពួកគេតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការនិយាយបញ្ចេញមតិ តែរាជរដ្ឋាភិបាល មិនបានផ្ដល់សិទ្ធិជេរប្រមាថអ្នកដទៃឡើយ។
ការបញ្ជាក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅពេលនេះ គឺ នៅក្រោយក្រសួងព័ត៌មានទើបដកអាជ្ញាបណ្ណ័អង្គភាព SBTpost របស់លោកសាន ប៊ុនធឿន ដោយនិយាយស្តីជេរប្រមាថ និងអសីលធម៌។
សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃទី២២ ខែសីហា បានសម្រេចលុបអាជ្ញាប័ណ្ណរបស់លោកសាន្ត ប៊ុនធឿន ចាងហ្វាងគេហទំព័រ SBTPOST ចេញពីក្រសួងព័ត៌មាន ដោយមូលហេតុថា បុគ្គលរូបនេះបានប្រព្រឹត្តទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មសម្តេចតេជោ កាលពីចុងសប្តាហ៏កន្លងទៅ បានបញ្ជាឱ្យមេបញ្ជាការអង្គរក្សបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខណ័្ឌកងអង្គរក្ស។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ចរិត្តពាលរបស់សាន ប៊ុនធឿន ប្រាកដជា មិនអាចកែប្រែបានឡើយ។ សម្តេចតេជោ ធ្លាប់បានអប់រំ សាន ប៊ុនធឿន កុំឱ្យស៊ីផឹកជេរបញ្ចោរតែចរិត្តមនុស្សនេះកែមិនឡើងឡើយ។ កន្លងទៅ សម្តេចតេជោ ធ្លាប់ផ្តល់លុយចំ នួន១៨ម៉ឺនដុល្លារ ដើម្បីជួយដល់សាន ប៊ុនធឿន ទិញផ្ទះរស់នៅ ថែមទាំងផ្តល់លុយចំនួន ៥០០ដុល្លារក្នុងមួយខែតាំង ពីឆ្នាំ២០១៨មក៕






