ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ ម៉េម័រ ខេត្តសៀមរាប ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពស់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ រួមជាមួយ ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត អគ្គនាយករង ប្រធាននាយកដ្ឋាន លោក/លោកស្រីប្រធានមន្ទីរទេសចរណ៍ និងមន្ត្រីជំនាញរៀបចំ ផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្តទូទាំងប្រទេស សរុបចំនួន១០០រូប។
គោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ត្រូវបានរៀបចំឡើងដើម្បីជាផែនទីចង្អុលផ្លូវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍តាមបណ្តារាជធានី-ខេត្តរបស់ខ្លួន ដើម្បីសិក្សាស្វែងយល់ ការកំណត់បញ្ហាញ និងការបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ក្នុងអភិក្រម “ភាពច្នៃប្រឌិតនៃការគិត” ជាពិសេសការកំណត់នូវយុទ្ធសាស្ត្រគន្លឹះៗ សម្រាប់ចូលរួមអនុវត្តយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣ (BUILD + 3Ds)” ដែលក្រសួងទេសចរណ៍ក្នុងអាណត្តិទី៧ បានដាក់ចុះ។
តាមរយៈសិក្ខាសាលាខាងលើ បានបង្ហាញអំពីស្មារតីទទួល ខុសត្រូវរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដែលជាចលករសំខាន់សម្រាប់កំណើនទេសចរណ៍កម្ពុជា ស្របតាមទស្សនទាន “រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ” ដោយអនុវត្តនូវផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្តដែលបានអនុម័តដោយរដ្ឋបាលរាជធានីខេត្តនីមួយៗ និងបានអនុវត្តផែនការប្រកបដោយភាពបទបែន នវានុវត្តន៍ និងស្មារតីទទួលខុសត្រូវខ្ពស់៕






