សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ ដល់គេហដ្ឋានតម្កល់សព ស្ថិតនៅក្រុងខេមភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃព្រហស្បត ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
មហាឧបាសិកា យិប ថាំកេសន បានធ្វើកម្មកិរិយាលាចាកលោក ទៅកាន់លោកខាងមុខ ដោយជរាពាធ ក្នុងជន្មាយុ៩៩ឆ្នាំ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ញើនូវសារលិខិតចូលរួមរំលែកទុក្ខ ដោយបានសំដែងនូវសេចក្តីក្រៀមក្រំ និងសោកស្តាយ ចំពោះមរណភាព ឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់សម្តេច និងជាម្តាយបង្កើតរបស់លោកជំទាវ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលា ម៉ោង ១២:២០នាទី រសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។
សម្តេជតេជោ បានសរសេរថា«ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយាសូមសម្ដែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយសម្តេច និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមក ក្នុងឆាកជីវិតរបស់ឧបាសិកា យិប ថាំកេសន បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ រហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយអត្តចរិតល្អ សីលធម៌ គុណធម៌ និងភាពជាអ្នកដឹកនាំសម្រាប់សង្គមជាតិ។
សូមបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម សេង ទៀង បានឧបត្ថម្ភថវិកាចំនួន ២០លានរៀល ដើម្បីចូលរួមក្នុងពិធីបុណ្យសពមហាឧបាសិកា យិប ថាំកេសន ផងដែរ៕






