សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ១២ ខែកញ្ញា ត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ ប្រទេសកូរ៉េខាងត្បូង ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»។
ថ្លែងក្នុងបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ដឹកនាំកម្ពុជាមករកសន្តិភាព និងការអភិវឌ្ឍ បានចាត់ទុកសញ្ញាបត្របណ្ឌិតកិត្តិយសនាពេលនេះ ជាសមិទ្ធផល និង កុសលរបស់អ្នកដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាព ទឹកដី និង ភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសោមនស្សរីករាយ ដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាព ជាអ្នកដឹកនាំ និងការកសាងសន្តិភាព» និង បានចាត់ទុក ជាសមិទ្ធផល និង កុសលរបស់អ្នកដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាព ទឹកដី និង ភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា សង្គ្រាមអាចឆាបឆេះបានយ៉ាងលឿន និង យ៉ាងងាយ ប៉ុន្ដែការលុបបំបាត់សង្គ្រាមពិតជាមានការលំបាក។ ជាក់ស្ដែងបទពិសោធន៍របស់កម្ពុជា ដើម្បីស្ដារប្រទេសឡើងវិញ ពីរបបប្រល័យពូជសាសន៍ប៉ុលពត កម្ពុជាត្រូវការពេលជាង ៣០ឆ្នាំ ទើបអាចស្វែងរកសន្ដិភាពបានដូចសព្វថ្ងៃនេះ។
បើទោះជាសម្រេចបានសន្តិភាពក៏ដោយ ក៏សន្តិភាពមិនស្ថិតនៅគង់វង្សយូរអង្វែងដែរ ប្រសិនបើគ្មានការបង្រួបបង្រួមជាតិ ការផ្សះផ្សា យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងមានបរិយាប័ន្ន។
តាមរយៈបទពិសោធន៍របស់កម្ពុជា យើងត្រូវខិតខំរិះរកវិធីសាស្ត្រនានាក្នុងការធានាសន្តិភាព ឲ្យបានយូរអង្វែង និងចាក់ឫសរឹងមាំក្នុងសង្គមជាតិ តាមរយៈការផ្សះផ្សា និងបង្រួបបង្រួមជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមថា បាឋកថាថ្ងៃនេះ នឹងអាចចូលរួមផ្តល់ជាពុទ្ធិដល់ការយល់ដឹងកាន់តែជ្រាលជ្រៅឡើងពីគុណតម្លៃនៃសន្តិភាព និងការពិបាកនៅក្នុងការកសាងសន្តិភាព បង្រួមបង្រួម និងផ្សះផ្សាជាតិ ក៏ដូចជា ការពិបាកនៅក្នុងការរក្សាសន្តិភាព ឲ្យបានគង់វង្សយូរអង្វែង ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
គិតមកដល់ពេលបច្ចុប្បន្ននេះ ទទួលបានសម្តេចមាន «សញ្ញា បត្រកិត្តិយស»ពីបរទេសជាង ១០សញ្ញាបត្រ ដោយចាប់ផ្តើមពីសាកលវិទ្យាល័យពីរ នៅអាម៉េរិក គឺ Southern California University ខាងវិទ្យាសាស្ត្រនយោបាយ និង IOWA ខាងច្បាប់ សម្រាប់«សញ្ញាបត្របណ្ឌិតកិត្តិយស»ពីសាកលវិទ្យាល័យកូរ៉េខាងត្បូង នៅពេលនេះ គឺក្នុងការដឹកនាំ កសាងសន្តិភាព និង អភិវឌ្ឍសង្គមកម្ពុជា ឱ្យមានភាពចម្រើនលូតលាស់ ហើយប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព៕






