សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៏ថា ដំណើរការនៃការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ កំពុងមានវឌ្ឍនភាពយ៉ាងល្អ ដោយសម្តេចមានសុទិដ្ឋិនិយមថា អាស៊ាននឹងអាចស្វាគមន៍ប្រទេសទីម័រឡេស្តេ មកកាន់គ្រួសារអាស៊ាន បានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយ។
សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិ និយមថា ប្រទេសទីម័រខាងកើត នឹងអាចចូលជាសមាជិកអាស៊ានបានយ៉ាងយូរនៅត្រឹមឆ្នាំ ២០២៣។ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែសីហា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដំណើរការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត កំពុងមានវឌ្ឍនភាពយ៉ាងល្អ ហើយលោកមានសុទិដ្ឋិនិយមថា យើងនឹងអាចស្វាគមន៍ប្រទេសនេះមកកាន់គ្រួសារអាស៊ាន បានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយ។
កាលពីដើមឆ្នាំ២០២២ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រ៉េស ម៉ាញ៉ូ បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ានជួយដល់ប្រទេសទីម័រខាងកើត ឱ្យបានចូលជាសមាជិកអាស៊ាន។ សូមជម្រាបថា កម្ពុជាតែងតែគាំទ្រប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន។ ចំពោះមុខ កម្ពុជានឹងបន្តជំរុញ សសរស្ដម្ភសេដ្ឋកិច្ច និងសង្គម វប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅប្រទេសទីម័រខាងកើតឲ្យបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ និងពេលវេលាច្បាស់លាស់ សម្រាប់ទីម័រខាងកើត ចូលជាសមាជិកអាស៊ាន៕
សំ វណ្ណា






