សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សភ្លើងទៀន អាចរលាយបើសិនគេធ្វើសកម្មភាពទៅតាមការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី។
សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសចុះជួបសំណេះសំណាល និង ផ្តល់ស្រូវពូជ ជូនដល់ប្រជា កសិករចំនួន ៣៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើកុំតែមានសេចក្តីថ្លែងការណ៍របស់ សម រង្ស៊ី ក្នុងការប្រមាថព្រះមហា ក្សត្រ ក៏មិនមានបញ្ហានេះកើតឡើងដែរ ហើយបន្ទាប់ពីសេចក្តីថ្លែងការណ៍នោះមក ក៏មានញត្តិថ្កោលទោសជនក្បត់ជាតិ៣ជំនាន់យ៉ាងច្រើនពីសំណាក់បណ្តាគណបក្សនយោបាយ ប្រជាពលរដ្ឋ និងព្រះសង្ឃផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀន អាចចាកចេញមក ដើម្បីកុំឱ្យពាក់ព័ន្ធជាមួយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ីនេះ៕






