នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចែកស្រូវពូជ និងសំណេះសំណាល ជាមួយប្រជាកសិករប្រមាណ ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ទឹកជំនន់នេះ បណ្តាលឱ្យប៉ះពាល់ដល់ ១៤ ក្រុង/ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្តាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩,៣៨៤ គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១គ្រួសារ។
ទឹកជំនន់នេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែងសរុប ២៩,៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦កន្លែង មណ្ឌលសុខភាព ០៦កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។
លើសពីនេះ បណ្តាលឱ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ មានចំនួន ៤៥,៨១២ហិកតា និងខូចខាតចំនួន ២៧,២៣៣ហិកតា។
អភិបាលខេត្ត បានឱ្យដឹងផងដែរថា តាមរយៈការស្រាវ ជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែងផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១,៥២៨ហិកតា ស្មើ ១១,៥២៨ុំគ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣,៧៩៧ហិកតា និងខូចខាត ១៦,២១៩ ហិកតា។
បន្ថែមពីនេះទៀត គ្រោះទឹកជំនន់បានបណ្តាលឱ្យប៉ះពាល់ និងខូចខាតប្រព័ន្ធស្រោចស្រព និងហេដ្ឋា រចនាសម្ព័ន្ធជនបទ រួមមាន ផ្លូវកៅស៊ូប្រវែង ១,៧៥០ ម៉ែត្រ, ផ្លូវក្រួសប្រវែង ៥៦៨,៤៤៦ម៉ែត្រ, ស្ពានឈើ ១០កន្លែង លូកាត់ផ្លូវ ១០៧កន្លែង ទ្វារទឹក ២កន្លែង បង្គន់អនាម័យចំនួន ១៣៨ កន្លែង។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អំណោយជាបន្តបន្ទាប់ សម្រាប់ចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ រួមទាំង គណៈ កម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បាននាំយកអំណោយពីសប្បុរ សជន និងអំណោយសម្ភារៈរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈគណៈកម្មការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាចែកជូនប្រជាពលរដ្ឋសរុបកន្លងមកបានចំនួន ៦.៤៧២គ្រួសាររួចមកហើយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមាន ប្រសាសន៍ថា ប្រជាពលរដ្ឋនឹងអាចជំនះនូវការលំបាក គ្រប់បែបយ៉ាង ចំពោះមុខនៃការរងគ្រោះដោយសារទឹក ជំនន់។
ជាមួយគ្នានេះ សម្តេចតេជោ បានជំរុញឲ្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ពិនិត្យរៀបចំនៃការផ្តល់ពូជបន្លែទៅតំបន់រងគ្រោះដោយទឹកជំនន់ ដែលមិនអាចបង្កបង្កើនស្រូវឡើងវិញបាន។ សម្តេច ក៏ ប្រាប់ឲ្យក្រសួងកសិកម្ម រិះរកវិធីសាស្រ្តនានា ដើម្បីបង្កើតតំបន់ផលិតពូជស្រូវ សំដៅបង្កភាពងាយស្រួល ក្នុងការដឹកជញ្ជូន និងផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា។
សូមជម្រាបថា របាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា ទឹកបានជន់លិចស្រូវប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង ២២ម៉ឺនហិកតា ក្នុងនោះស្រូវរងការខូចខាតមានប្រមាណ ១១ម៉ឺនហិកតា។ ផ្ទៃដីដែលរងការខូចខាតនេះ អាចស្តារឡើងវិញបានប្រមាណជា ៧ម៉ឺនហិកតាប៉ុណ្ណោះ។
រាជរដ្ឋាភិបាលគ្រោងបញ្ចេញស្រូវពូជប្រមាណជា ៧ពាន់តោនជូនប្រជាកសិករបង្កបង្កើនផលឡើងវិញ។
ក្រសួងកសិកម្ម ក៏បានរៀបចំ ពូជបន្លែ (ស្ពៃ ត្រប់ សណ្ដែកគួរ ត្រកួន ប៉េងប៉ោះ) ១៨ម៉ឺនឃីត និងបានចែកជូនប្រជាពល រដ្ឋបាន៨ម៉ឺនឃីត៕






