សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួនពីរអគារដ៏ស្កឹមស្កៃ ជាមួយការបំពាក់បរិក្ខារបម្រើការព្យាបាលដ៏ទំនើបៗជាច្រើន។ សម្តេចតេជោ បញ្ជាក់ថា
គម្រោងអភិវឌ្ឍមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យ បង្អែកមួយក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង៧ នៃខេត្តត្បូងឃ្មុំ បានចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០២០។
គម្រោងនេះ បានចាប់ផ្តើមសាងសង់អគារថ្មីចំនួន២ និងជួសជុលអគារចាស់ចំនួន១។
អគារថ្មីទី១ មានទំហំ១៨ម៉ែត្រ គុណ៦២ម៉ែត្រ មានកម្ពស់ ៤ជាន់ បើកការដ្ឋានសាងសង់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២មានបន្ទប់ពិនិត្យជំងឺទូទៅ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់វះកាត់ បន្ទប់សម្រាកព្យាបាល, បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ បន្ទប់អេកូសាស្ដ្រ បន្ទប់X-Ray និងបានរៀបចំដាក់គ្រែសម្រាកព្យាបាលបានចំនួន ២០០គ្រែ។
អគារថ្មីទី២ មានទំហំ ១៨ម៉ែត្រ គុណ ៦២ម៉ែត្រ មានកម្ពស់៤ជាន់ បើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ មានបន្ទប់ពិនិត្យជំងឺទូទៅ, បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់វះកាត់, បន្ទប់សម្រាកព្យាបាលទូទៅ បន្ទប់សម្ភព និងរោគស្ត្រី បន្ទប់ព្យាបាលជំងឺកុមារ, បន្ទប់ព្យាបាលជំងឺមាត់ធ្មេញ, បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ, ឃ្លាំងបរិក្ខារវេជ្ជសាស្ត្រ ឃ្លាំងឱសថ និងដាក់គ្រែសម្រាកព្យាបាល បានចំនួន ២០០ គ្រែ។
នៅជាន់ទី៣ នៃអគារថ្មីទាំងពីរ មានបន្ទប់គ្រូពេទ្យ បន្ទប់វេជ្ជបណ្ឌិត បន្ទប់គ្រូពេទ្យប្រចាំការ និងបន្ទប់ស្នាក់នៅសម្រាប់បុគ្គលិក ដែល រស់នៅទីឆ្ងាយ។
ជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា បានទទួលសម្ភារ បរិក្ខារវេជ្ជសាស្ត្រដែលជាជំនួយ ឥតសំណងនៃមូលនិធិ KUSANONE (គូសាណូណិ) របស់រដ្ឋាភិបាលជប៉ុន ចំនួន១៧ប្រភេទ ស្មើ ៣៧គ្រឿង សរុបជាទឹកប្រាក់ប្រមាណ ២៦៣,៧៦០ ដុល្លារ និងបានប្រែក្លាយទៅជាមន្ទីរពេទ្យមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ និងបំពាក់ដោយឧបករណ៍ដ៏ទំនើបៗ។
មន្ទីរពេទ្យកម្រិត២នេះ បម្រើសេវាជូនប្រជាពលរដ្ឋ ដូចជា ផ្នែកជំងឺទូទៅ, ផ្នែកសង្គ្រោះបន្ទាន់ផ្នែកជំងឺវះកាត់, ផ្នែកជំងឺកុមារ, ផ្នែកសម្ភពនិងរោគ ស្ត្រី, ផ្នែកជំងឺរបេង, ផ្នែកទន្តសាស្ត្រ, ផ្នែករូបភាពវេជ្ជសាស្ត្រ, ផ្នែកមន្ទីរពិសោធន៍, ផ្នែកឱសថ និងអនាគតពង្រីកសេវាផ្សេងៗបន្ថែមទៀត៕