សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងជួបពិភាក្សាការងារតាមទូរសព្ទជាមួយប្រធានា ធិបតីអ៊ុយក្រែន វ៉ូឡូតឌីមៀ ហ្សេឡេស្គី នៅថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះ។ សម្តេចតេជោ អញ្ជើញប្រធានាធិបតីរុស្ស៊ីលោកពូទីន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តែមិនទាន់មានការឆ្លើយតប។
ក្នុងពិធីជួបចែកពូជស្រូវ និងស្បៀងអាហារដល់ពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តកំពង់ធំជាង៦ពាន់នាក់ នាព្រឹកថ្ងៃទី២៩ ខែតុលា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថែ្លងថាដោយសារសម្តេចពេលនេះជាប្រធានអាស៊ាន ដូច្នោះកិច្ចការដែលប្រធានាធិបតីអ៊ុយក្រែន ក៏ចង់មានទំនាក់ទំនងជាមួយអាស៊ាន។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងអេស្បាញ អាចមកចុះហត្ថលេខាលើកិច្ចព្រមព្រៀង មិត្តភាពសហប្រតិបត្តិការអាស៊ីអាគ្នេយ៍។ សម្តេចតេជោ បានបញ្ជាក់ដែរថា ក្នុងនាមជាប្រធានអាស៊ាន សម្តេចក៏បានអញ្ជើញលោកប្រធានាធិបតីរុស្ស៊ី មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកាខាងមុខដែរ ប៉ុន្តែលោកមិនទាន់ឆ្លើយតបនៅឡើយ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់គោលជំហរច្បាស់លាស់មិនគាំទ្រ និងប្រឆាំងដាច់ខាត ជុំវិញការឈ្លានពានពីសំណាក់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ កម្ពុជា នៅតែទទូចឲ្យភាគីទាំងពីរ អង្គុយចរចារ ដើម្បីបញ្ចប់សង្គ្រាមនេះ ឲ្យបានឆាប់រហ័ស ត្បិតសង្គ្រាមនេះ បានបង្កផលប៉ះពាល់យ៉ាងធំធេងសម្រាប់ ពិភពលោក ដែលបង្កឲ្យមានការកើនឡើងតម្លៃប្រេង ថាមពល និងធ្វើឲ្យកើន ឡើងនូវអតិផរណាខ្ពស់ថែមទៀត។ កន្លងទៅសម្តេចតេជោ ក៏បានប្រឆាំងផង ដែរចំពោះ គោលនយោបាយទណ្ឌកម្មរបស់លោកខាងលិច ចំពោះរុស្ស៊ី ត្បិត នយោ បាយទណ្ឌកម្មនេះ មិនត្រឹមតែប៉ះពាល់ដល់រុស្ស៊ីនោះទេ ប៉ុន្តែគឺប៉ះពាល់ ដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក៕
សំ វណ្ណា
សៅ ធី