សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រី ក្រសួងការងារ និងក្រសួងសង្គមកិច្ច យកចិត្តទុកដាក់គិតគូរខ្ពស់លើស្រី្តមានផ្ទៃពោះដែលជាប់ឃុំនៅក្នុងពន្ធនាគារ និងឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះជាប់ឃុំ ក្នុងពន្ធនាគារ។ ក្នុងពិធី“ ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ” នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងការងារ និងរដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច ត្រូវយកចិត្តទុកដាក់គិតគូរខ្ពស់លើស្រី្តមានផ្ទៃពោះដែលជាប់ឃុំនៅក្នុងពន្ធនាគារ ដោយតម្រូវឱ្យមានការឧបត្ថម្ភផ្សេងៗដូចប្រជាពលរដ្ឋធម្មតា និងមន្រ្តីរាជការផងដែរ។
សម្តេចធិបតី បានគូសបញ្ជាក់ថា ម្តាយធ្វើខុស ប៉ុន្តែកូនដែលនៅក្នុងផ្ទៃម្តាយពុំមានកំហុសនោះទេ ដូច្នេះត្រូវតែគិតគូរជួយព្រោះនេះក៏ជាកូនចៅរបស់យើង និងក៏ជាការងារសប្បុរស ធម៌ដែរ។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ចំនួនអ្នកជាប់ពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា មានសរុបចំនួន៤៨,៧១៧នាក់។ គួរជម្រាបថា សម្រាប់សមាជិក ប.ស.ស.ដែលជាស្ត្រី ទទួលបានអត្ថប្រយោជន៍ច្រើនជាងបុរស នៅពេលដែលស្រ្តីមានផ្ទៃពោះ រហូតដល់អាយុ ២ឆ្នាំ។
នៅពេលស្រ្តីមានទម្ងន់អាចទៅពិនិត្យសុខភាព បាន៤ដង ដោយទៅពិនិត្យសុខភាពម្តងទទួលបានថវិកា ៨ម៉ឺនរៀល ហើយក្រោយសម្រាលកូន ទទួលបាន ១០ដងទៀត ដោយធ្វើការបែងចែកជា២ ក្នុងនោះ ៣ ដងសម្រាប់ម្តាយ ៧ ដងសម្រាប់កូន គឺមានន័យថាចាក់វ៉ាក់សាំងរហូតដល់អាយុ ២ ឆ្នាំ ដោយក្នុងម្តងៗទទួលបានថវិកា ៨ ម៉ឺនដូចគ្នា៕






