ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកសរុបជាង ២០ប្រភេទ ស្មើនឹងចំនួនប្រមាណ១,៥លានក្បាល ត្រូវលែងចូលបឹងធម្មជាតិ ក្នុងទិវាមច្ឆជាតិលើកទី១៩ ឆ្នាំនេះ។ ការប្រារព្ធទិវានេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ថ្លែងពីឱកាសប្រារព្ធទិវាមច្ឆជាតិ”លើកទី១៩ នៅខេត្តកំពង់ចាម នាព្រឹកម៉ិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជំរុញឲ្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បន្តធ្វើទំនើបកម្ម ក្នុងវិស័យកសិកម្ម ទាំងការដាំដុះដាំណាំ ការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម ដើម្បីផ្គត់ផ្គង់ដល់កំណើនប្រជាពលរដ្ឋ និងធានាសន្តិសុខស្បៀងនៅក្នុងប្រទេ ស។
ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋធ្វើវារីវប្ប កម្មទាំងទឹកសាប និងទឹកប្រៃឲ្យបានកាន់តែច្រើនបន្ថែមទៀត សំដៅលើកកំពស់ផលិតភាពទិន្នផលត្រី ពិសេសការស្រាវជ្រាវ។ ត្រង់ចំណុចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បន្តស្វែងរកទីផ្សារ នៅក្រៅប្រទេ សឲ្យបានច្រើន សម្រាប់ជួយឲ្យប្រជានេសាទ មានកំរិតជីវភាពល្អប្រសើរ។
ជាការកាត់សម្គាល់វិស័យ កសិកម្ម រាប់ទាំងវិស័យជលផលផង បានចូលរួមចំណែកដ៏សំខាន់បំផុត ក្នុង វិស័យសេដ្ឋកិច្ចកម្ពុជា និងការធានាដល់សន្តិសុខស្បៀង។
បើតាមរយបាយការណ៏របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា គឺដើម្បីផ្សព្វផ្សាយនិងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ហើយជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។
ឆ្នាំ២០២៤នេះ ត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រ ភេទ ចំនួនប្រមាណ ១,៥លានក្បាល ដូចជាត្រីប្រា ត្រីពោ ត្រីឆ្អិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្ដើក កន្ធាយ ត្រូវលែងចូលទៅក្នុងបឹងនេះ។ លើសពីនេះកម្ពុជាសម្រេចបានផលវារីវប្បកម្មសរុបចំនួន ៣១៤ពាន់តោន ទាំងទឹកសាប និងសមុទ្រ ក្នុងឆ្នាំ ២០២៣ ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ចជាតិ។
កម្ពុជាក៏បាននាំចេញផលិតផលជលផលចំនួន ៥០តោន ក្នុងឆ្នាំ២០២៣ និង៣៨ តោន កាលពីដើមឆ្នាំ២០២៤នេះ ទៅកាន់ប្រទេសចិនដែរ ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីជាមួយគ្នា កាលពីឆ្នាំ២០២០។ កាន់តែគួរឱ្យកត់សម្គាល់ជាងនេះ កម្ពុជាក៏បាននាំត្រីងៀតចំនួន៣,៧តោន ទៅកាន់ប្រទេសអូស្ត្រាលីជាលើកដំបូង នៅដើមឆ្នាំ២០២៤នេះផងដែរ៕






