សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសចិន។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសដែលគេប្រសិទ្ធនាមជាមហាយក្សតំបន់ និងពិភពលោកមួយនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។
ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ កម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនជា ច្រើនរូបផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនទាំងពីររូបនេះ នឹងមានកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិ ដែលផ្ដល់ផលប្រយោជន៍រួម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថ លេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។
ក្រៅតែពីការបំពេញទស្សនកិច្ចជាផ្លូវការហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ ពីថ្ងៃទី១៦ ដល់១៧ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ីផងដែរ។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិននាពេល គឺចំពេលដែលកម្ពុជា និងចិន កំពុងប្រារព្ធខួបអនុស្សាវរីយ៍៦៥ឆ្នាំ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពនៃប្រទេសទាំងពីរ។
ដូច្នេះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។
ដំណើរទស្សនកិច្ចនេះ ក៏នឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ច សហការលើវិស័យជាច្រើនក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕






