កម្មវិធី «វេទិកាការងារប្រចាំខែសីហា» ដែលរៀបចំនៅស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុនធំៗ ៤ ដែលទើបបើកដំណើរការ ដោយបាននាំយកឱកាសការងារចំនួន ៣០៦កន្លែង ក្នុងមុខតំណែងជាច្រើនក្នុងក្រុមហ៊ុនធំៗចំនួន ៤ សម្រាប់ផ្តល់ជូនសិស្ស និស្សិត នីងយុវជនដែលកំពុងស្វែងរកការងារធ្វើ។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារ បានឲ្យដឹងថា ក្រុមហ៊ុនធំៗទាំង ៤ ដែលបានចូលរួមក្នុងវេទិកាការងារនេះ រួមមាន ៖ Cogetel Ltd. (ONLINE), BS Land & Home Co., Ltd, DFI LUCKY PRIVATE LIMITED, Fair Plus Supermarket។
ក្រសួងបញ្ជាក់ថា អ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹកដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)។
គួរជម្រាបថា កម្មវិធី «វេទិកាការងារ» នេះ គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលកំពុងស្វែងការងារធ្វើ និងអ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ចំណេញពេលវេលា៕






