កសិកម្ម គឺជាជម្រើសរបរចិញ្ចឹមជិវិតដ៏ប្រសើរមួយរបស់សហគមន៍ ដែលជំនួសអោយការកាប់ព្រៃ ឬបរបាញ់សត្វ។ នេះជាការលើកឡើង របស់អង្គការ WWF ដែលកំពុងធ្វើការអភិរក្សនៅដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វ ព្រៃភ្នំព្រេច។
សមាជិកសហគមន៍កសិកម្មទន្សោងកោះញែក ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍មេត្រីភាពបរិស្ថាន ដោយបញ្ចៀសនូវសកម្មភាពដែលច្បាប់ហាមប្រាមដូចជា ការបរបាញ់សត្វព្រៃ និងការកាប់ឈើខុសច្បាប់ ការទន្ទ្រានដីព្រៃ និងការបំពុល បរិស្ថានដោយប្រើប្រាស់សាធារគីមីកសិកម្មជាដើម។
កសិករដែលចូលរួមក្នុងសហគមន៍កសិកម្មទន្សោងកោះញែក ទទួលបានការបណ្តុះបណ្តាលស្តីពីបច្ចេកទេសកសិកម្មដែលគាំទ្រនិរន្តរភាពបរិស្ថាន ដើម្បីទទួលបានទិន្នផលខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន។
លើសពីនេះ កសិករជាសមាជិកក៏បន្តទទួលបានការគាំទ្រផ្នែកបច្ចេកទេសផ្សេងៗបន្ថែមផងដែរ ក្នុងនោះរួមមានការពិនិត្យគុណភាពផលកសិកម្ម និងការជួយជ្រុមជ្រែងក្នុងការរកទីផ្សារ។ក្នុងឆ្នាំ២០២០កន្លងនេះ បន្លែដែលដាំដោយកសិករគំរូចំនួន១៩គ្រួសារ បានទទួលទិន្នផលល្អ ដែលផ្តល់ចំណូលគិតជាទឹកប្រាក់ចំនួនប្រមាណ ២១.០៣៦ ដុល្លារ ខណៈពេលដែលកសិករ ១០៨គ្រួសារទៀត ផលិតបានទិន្នផលស្រូវចំនួនជាង ៦៦២តោនក្នុងឆ្នាំ២០២០ លក់បាន ៣៩៩តោន ដែលគិតជាទឹកប្រាក់ចំនួន ៨៤.០៥៧ ដុល្លារ។
សូមជម្រាបថា សហគមន៍កសិកម្មទន្សោងកោះញែក (ផលិតផលកសិកម្មទន្សោងកោះញែក) ដែលជាក្រុមចង ក្រងឡើង ដើម្បីអនុវត្តកសិកម្មផ្សារភ្ជាប់ នឹងការអភិរក្ស ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៩ ហើយមានសមាជិកកសិករចំនួន ១២០គ្រួសារ មកពីសហគមន៍តំបន់ការពារ ធម្មជាតិចំនួន៤ ដែលស្ថិតនៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច នៃខេត្តមណ្ឌលគិរី។
ការចងក្រងសហគមន៍កសិកម្មទន្សោងកោះញែកនេះ ទទួលបានការគាំទ្រថវិកាពី ទីភ្នាក់ងារជំនួយអាមេរិក (USAID) តាមរយៈគម្រោងគាំទ្រដែនជម្រកសត្វព្រៃ របស់អង្គការWWF និងសហការអនុវត្តជាមួយអង្គការCRDT និងគាំទ្រដោយ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕






