អាជ្ញាធរក្នុងប្រទេសសំប៊ី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធ ទៅនឹងសាកសពចំនួន២៧នាក់ របស់ជនអន្តោប្រវេសន៍ អេត្យូពី ដែលត្រូវបានគេរកឃើញនៅជាយក្រុងឡួសាកា (Lusaka) រដ្ឋធានីរបស់ប្រទេស។ កាលពីថ្ងៃអាទិត្យអ្នកស្រុក នៅតំបន់កសិ កម្ម មួយ បានរកឃើញសាកសពចំនួន២៧នាក់ ដែលត្រូវបានគេបោះចោល ខណៈពេលម្នាក់នៅរស់។ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងសន្តិសុខផ្ទៃក្នុង បាននិយាយថា រថយន្តដែលប្រើសម្រាប់ដឹកសាកសពត្រូវបានកំណត់អត្តសញ្ញាណ ខណៈអ្នកបើកបរត្រូវបានចាប់ និងឃុំខ្លួន។
ការស៊ើបអង្កេតកំពុងត្រូវបានបន្ត ដែលនឹងអាចទទួលបានពត៌មាន នៅពេល ជនអន្តោប្រវេសន៍ ដែលនៅរស់រានមាន ជីវិត ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបានធូរស្រាល។ លោកបានបន្តថា បច្ចុប្បន្នសាកសពទាំង២៧ នាក់កំពុងតម្កល់នៅកន្លែងតម្កល់សពរង់ចាំ ការកំណត់អត្តសញ្ញាណជាផ្លូវការ និងក្រោយការធ្វើកោសល្យវិច័យ។ រដ្ឋាភិបាលអេត្យូពីបាននិយាយថា ខ្លួននឹងបញ្ជូនអ្នកជំនាញទៅប្រទេសសំប៊ី ដើម្បីបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






