សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វឿង ឌីញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណ រដ្ឋសង្គម និយមវៀតណាម បានជួបសវនាការ និងពិភាក្សាការងារ នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅវិមានរដ្ឋសភា។ រដ្ឋសភាកម្ពុជាបានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម ដឹកនាំដោយ ឯកឧត្តម វឿង ឌីញ ហ្វេ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា មុនពេលដែលថ្នាក់ ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានជួបពិភាក្សាការងារទ្វេភាគី។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការវាងរដ្ឋសភាកម្ពុជា-វៀតណាម មានការវិវឌ្ឍកាន់តែរីកចម្រើន និងស្អិតរមួត ដោយភាគីទាំងពីរបានឯកភាព និងចុះអនុស្សរណៈ នៃកិច្ចព្រម ព្រៀងជាមួយគ្នា សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់កម្រិត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច នៃថ្នាក់ដឹក នាំជាន់ខ្ពស់ ការផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មការជំនាញ និងមន្រ្តីជំនាញ ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរសភា ក្នុងតំបន់ និងអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិ បាល នៃប្រទេសទាំងពីរនាពេលកន្លងមក។
ឯកឧត្តម វឿង ឌីញ ហ្វេ បានស្នើសម្តេចប្រធានរដ្ឋសភាជួយជំរុញ និងបង្កលក្ខណៈកាន់តែងាយស្រួលនៅក្នុងលើក កម្ពស់កិច្ចសហប្រតិបត្តិការនេះ ឱ្យបាននៅគ្រប់កម្រិតទំាងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការ សមាជិកសភាស្រ្តី សមាជិក សភាវ័យក្មេង និងកម្រិតមន្រ្តីបច្ចេកទេស ។ ឯកឧត្តម វឿង ឌីញ ហ្វេ បានជូនពរដល់រដ្ឋសភាកម្ពុជារៀបចំមហាសន្និ បាតAIPA លើកទី៤៣ ទទួលបានជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអបអរ សាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគ ជ័យយ៉ាងត្រចះត្រចង់ ដែលធ្វើឱ្យកិត្យានុភាព និងតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិកាន់តែសំខាន់ឡើង។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ នឹងអញ្ជើញចុះហត្ថ លេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភាកម្ពុជា- វៀតណាម និងបានអញ្ជើញជាអធិបតីភាពនៅ ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នារវាងអគ្គលេខា ធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រ តិបត្តិការឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ ឆ្លើយតបបរិបទជាក់ស្តែង ផងដែរ។ សូមជម្រាបថា ឯកឧត្តម វឿង ឌីញ ហ្វេ បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់មកឯកឧត្តមនឹងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្តទៀត៕






