នៅព្រឹកថ្ងៃពុធ ៩ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយបណ្តារដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍ បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) លើកទី១៨។
កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅក្រោមប្រធានបទ “អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់” ។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថាបើក ដែលបានបង្ហាញពីការត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំរបៀបវារៈរួមរបស់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនទាំងពេលបច្ចុប្បន្ន និងដែលកំពុងលេចឡើងថ្មីៗ។
កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈស្តីពីនិន្នាការថ្មីៗ ក្នុងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឆ្នាំ២០១៦ ដល់ ២០២៥។ កិច្ចប្រជុំក៏បានស្វាគមន៍ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធាន AMMTC ឆ្នាំ២០២៥ ផងដែរ។
កិច្ចពិគ្រោះយោបល់ AMMTC ជាមួយប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងប្រទេសបូកបី នឹងប្រព្រឹត្តទៅនៅថ្ងៃបន្ទាប់។






