នៅព្រឹកថ្ងៃពុធ ១០ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី ២ ប្រទេសព្រុយណេ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទនានាដែលពាក់ព័ន្ធនឹងការកសាងសហគមន៍អាស៊ាន និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ហើយក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។
ឯកឧត្តមអគ្គលេខាធិការអាស៊ានបានកោតសរសើរចំពោះការ ចូលរួមវិភាគទានរបស់ប្រទេសព្រុយណេ ក្នុងការសម្រេចបានកម្មវិធីអាហារូបករណ៍អាស៊ានវ័យក្មេង ជាមួយលេខាធិការដ្ឋានអាស៊ាន ដែលជំនាន់ទី ៣ នៃកម្មវិធីនេះ ត្រូវបានចាប់ផ្តើមកាលពីដើមខែនេះ។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានសំដែងនូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីគាំទ្រ និងសម្របសម្រួលដល់ការបង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការបម្រែបម្រួលអាកាសធាតុ ក្នុងប្រទេសព្រុយណេផងដែរ៕






