នៅរសៀលថ្ងៃពុធ ១០ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ដាតុ បណ្ឌិត Amin Liew Abdullah រដ្ឋមន្ត្រីប្រចាំទីស្តីការនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទី ២ របស់ព្រុយណេ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកោត សរសើរចំពោះយុទ្ធសាស្ត្រពិពិធកម្មរបស់ព្រុយណេ ដែលរំពឹងថានឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់តំបន់។
ភាគីទាំងពីរក៏បានពិភាក្សាអំពីពាណិជ្ជកម្មនៅក្នុងរង្វង់អាស៊ាន បរិវត្តកម្មឌីជីថលរបស់អាស៊ាន នៅក្រោមផែនទីចង្អុលផ្លូវទីក្រុង Bandar Seri Begawan ក៏ដូចជា ការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានបញ្ជាក់ពីការគាំទ្ររបស់លេខាធិការដ្ឋានអាស៊ានចំពោះមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការបម្រែបម្រួលអាកាសធាតុ ក្នុងប្រទេសព្រុយណេ ដែលរំពឹងថានឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីការបម្រែបម្រួលអាកាសធាតុ ជាពិសេស ក្នុងការផ្តល់នូវអនុសាសន៍គោលនយោបាយដែលផ្អែកលើភស្តុតាង និងការកសាងសមត្ថភាព ក្នុងការដោះស្រាយការបម្រែបម្រួលអាកាស ធាតុនៅក្នុងតំបន់៕






