តបតាមការអញ្ជើញរួមរបស់ឯកឧត្តម Elmer Schialer រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប៉េរូ និង លោកជំទាវ Desilú León រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេស និងទេសចរណ៍នៃសាធារណ រដ្ឋប៉េរូ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC Ministerial Meeting) ឆ្នាំ២០២៤ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងលីម៉ា សាធារណរដ្ឋប៉េរូ។
ប្រព្រឹត្តទៅក្រោមមូលបទ “ផ្តល់អំណាចបញ្ចូល និងពង្រីក” ប្រទេសប៉េរូ គឺជាប្រធានកិច្ចប្រជុំ APEC នៅឆ្នាំនេះ បន្ទាប់ពីធ្លាប់ធ្វើជាប្រធានកាលពីឆ្នាំ២០០៨ និង ២០១៦។
ទស្សនកិច្ចរបស់ឯកឧត្តមអគ្គលេខាធិការអាស៊ានទៅប្រទេសប៉េរូលើកនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នៅក្នុងទំនាក់ទំនងរវាងអាស៊ាន និងប៉េរូ ដូចដែលប៉េរូ ត្រូវបានផ្តល់ជូននូវឋានៈជាដៃគូអភិវឌ្ឍន៍របស់អាស៊ាន នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ។






