ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ បានដេកស្លាប់នៅក្នុងថ្លុកឈាម ក្បែរពាងទឹកក្រោយផ្ទះ ក្រោយត្រូវបានបុរសម្នាក់ទៀត រស់នៅក្បែរគ្នាចោទថាចេះអំពើអាបធ្មប់ ហើយបានទាញកាំបិតកកុក កាប់ចំនួន០៣កាំបិត ស្លាប់យ៉ាងអណោចអធម្ម ក៏សាច់ញាតិឃាត់ខ្លួនបានភ្លាមៗប្រគល់អោយនគរបាល បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៥និង៣០នាទីព្រឹក ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨នៅក្នុងភូមិបឹងព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់លោក សែម វុឌី នាយប៉ុស្តិនគរបាលឃុំត្រែងត្រយឹង បាននិយាយអោយដឹងថា ពិតជាមានករណីឃាតកម្មពិតប្រាកដមែន ដោយជនរងគ្រោះមានឈ្មោះ ហែម យឹម ភេទប្រុស អាយុ៦៦ឆ្នាំ ជាចាស់ជរារស់នៅភូមិបឹងព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានភ្ញាក់ពីដំណេកដេីរសំដៅបំរុងទៅលុបមុខនៅពាងទឹក សំយ៉ាបខាងក្រោយផ្ទះ ហើយក៏ត្រូវបានជនល្មើសជាឃាតករមាន ឈ្មោះ ចិន ជន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិ ឃុំជាមួយគ្នា លួចកាប់ចំកញ្ចឹងករ ផ្នែកខាងក្រោយចំនួន០៣កាំបិតកកុក បណ្តាលឲ្យជនរងគ្រោះដួលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ក្នុងថ្លុកឈាម។ ភ្លាមៗនោះប្រពន្ធជនរងគ្រោះ មានឈ្មោះ សន សុត អាយុ ៥៦ឆ្នាំ បានឃើញផ្ទាល់ភ្នែកក៏បានស្រែកឆោរឡោឡើង ជនសង្ស័យក៏បានរត់គេចទៅព្រៃខាងក្រោយផ្ទះ ហើយត្រូវបានក្រុមគ្រួសារចាប់បាន ទុកឲ្យប៉ូលីសប៉ុស្តិ៏ឃុំត្រែងត្រយឹង។
ក្រោយកើតហេតុ នគរបាលបានធ្វើការសួរនាំ ជនសង្ស័យក៏បានសារភាពថា បានជារូបគេហ៊ានយកកាំបិតកកុក (ខ្វែវ) កាប់លើបុរសវ័យចំណាស់រូបនោះ ដោយសារតែរូបគេត្រូវបានបុរសខាងលើធ្វើអំពើដាក់ សន្ធំឈឺក្បាលរហូត ហើយមិនត្រឹមតែធ្វើរូបគេទេ គឺបុរសចំណាស់ខាងលើ មានស្រុកកំណើតនៅក្នុងឃុំស្វាយចចឹប ស្រុកបសេដ្ឋ សម្លាប់គេអស់ច្រើនមកហើយ ទើបរូបគេសម្លាប់បែបនេះទៅ។
បច្ចុប្បន្នសង្ស័យត្រូវបានចាប់បញ្ជូនខ្លួន ទៅកាន់អធិការរដ្ឋាននគបាលស្រុកភ្នំស្រួចដើម្បីសួរនាំ និងកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕ អ៊ុ ណូន






