តបតាមការអញ្ជើញរបស់រដ្ឋាភិបាលព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ដែលរួមមានសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេ ពីថ្ងៃទី ១៣ ដល់ ១៥ ខែសីហា ឆ្នាំ២០២៤។
នៅក្នុងអំឡុងពេលទស្សនកិច្ចនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងចូលគាល់ព្រះករុណាព្រះមហាក្សត្រ Sultan Haji Hassanal Bolkiah នៃប្រទេសព្រុយណេ ជួបសវនការជាមួយព្រះអង្គម្ចាស់ Haji Al- Muhtadee Billah ibni ទេសរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏គ្រោងពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី ២ ព្រុយណេ ឯកឧត្តម Dato Dr. Amin Liew Abdullah រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុទី ២ ឯកឧត្តមបណ្ឌិត Isham Jaafar រដ្ឋមន្ត្រីសុខាភិបាល ឯកឧត្តម Pengiran Dato Shamhary Pengiran Dato Mustapha រដ្ឋមន្ត្រីដឹកជញ្ជូន និងគមនាគមន៍ និងឯកឧត្តមបណ្ឌិត Manaf Metussin រដ្ឋមន្ត្រីទេសចរណ៍។
ដើម្បីជំរុញការទូតសាធារណៈអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងផ្តល់សន្ទរកថាគន្លឹះនៅសាកលវិទ្យាល័យ Universiti Brunei Darussalam ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការ កិច្ចសហការ និងយុវជន៖ មូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងនរន្តភាព”។






