អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបរិច្ចាកកូនឈើប្រណិត ២ម៉ឺនដើមជូនរដ្ឋបាលស្រុកវាលវែង សម្រាប់ដាំបន្តនៅជើងភ្នំ ១០០៥ ដើម្បីចូលរួមយុទ្ធនាការដាំដើមឈើ ១លានដើម ដែលដាក់ចេញដោយក្រសួងបរិស្ថាន។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នេះ បានបរិច្ចាគកូនឈើប្រណិតចំនួន ២០,០០០ដើម ជូនដល់រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍ សាត់ ដើម្បីគាំទ្រលើ «យុទ្ធនាការដាំដើមឈើ ១លានដើម»។
លោក John Willis នាយកប្រចាំប្រទេសរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា អង្គការ WA បានដឹកជញ្ជូនកូនឈើចំនួន ២០,០០០ដើម ដើម្បីប្រគល់ជូនរដ្ឋបាលស្រុកវាលវែង ដោយ រំពឹងថា កូនឈើដែលបានបរិច្ចាគនឹងជួយស្តារតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញឡើងវិញ»។
បើតាមការបញ្ជាក់របស់លោក ចន វីលីស ក្នុងចំណោមកូនឈើជិត២ម៉ឺនដើមនោះ មានកូនឈើចំនួន ៥,០០០ដើម ដែលនៅសេសសល់នឹងយកទៅរក្សាទុកសម្រាប់ដាំនៅតំបន់អន្ទង់អាំង តាមបណ្តោយផ្លូវជាតិលេខ៥៥។
ប្រភេទពូជកូនឈើរួមមាន ធ្នង់ ក្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ក្នុងចំណោមប្រភេទច្រើនផ្សេងទៀត។
បន្ថែមពីនេះ លោក John Willis បានបញ្ជាក់ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃជឿជាក់ថា ការផ្តួចផ្តើមគំនិតការដាំស្តារព្រៃឈើឡើងវិញ នឹងជះឥទ្ធិពលជាវិជ្ជមានលើបរិស្ថាន។
ទន្ទឹមនឹងនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានបំណងការពារ និងអភិរក្សព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញ ក៏ដូចជាការដាំដើមឈើដែលបានបាត់បង់ឡើងវិញផងដែរ។
គួរជំរាបដែរថា ក្នុងចំណោមប្រភេទទាំងនោះមានកូនឈើចំនួន ៧ប្រភេទត្រូវបានចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែង យោងតាមសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។
លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង បានបង្ហាញពីការប្តេជ្ញាចិត្តដាំកូនឈើឡើងវិញនៅទីតាំងដែលរងការកាប់ទន្ទ្រាន ដើម្បីបង្កើនគម្រប់ព្រៃឈើ ព្រមទាំងស្នើដល់មន្ត្រីពាក់ព័ន្ធបង្កើនសកម្មភាពបន្ថែមទៀត ដើម្បីធ្វើយ៉ាងទប់ស្កាត់ការលួចកាប់ទន្ទ្រានព្រៃឈើពីសំណាក់ក្រុមជនខិលខូចមួយចំនួនតូចឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលរងស្រុកវាលវែង បានឱ្យដឹងដែរថា ការផ្តល់កូនឈើដល់រដ្ឋបាលស្រុកនៅពេលនេះ គឺដើម្បីឆ្លើយតបទៅយុទ្ធនាការ «ដាំដើមឈើមួយលានដើម»របស់ ក្រសួងបរិស្ថាន ក្នុងការដាំស្តារព្រៃឈើឲ្យបាន១លានដើមក្នុងមួយឆ្នាំ។
គួរបញ្ជាក់ដែរថា តាមការគ្រោងទុកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងធ្វើការបរិច្ចាគកូនឈើចំនួនជិត២០ម៉ឺនដើម សម្រាប់គាំទ្រលើ “យុទ្ធនាការដាំដើមឈើ ១លានដើម” របស់ក្រសួងបរិស្ថាន។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបណ្តុះកូនឈើប្រភេទពូជព្រៃត្រូពិកចំនួន ១៨ ប្រភេទ នៅថ្នាលបណ្តុះកូនឈើជីផាត ខេត្ត កោះកុង ដែលឥឡូវនេះកូនឈើត្រូវបានត្រៀមរួចជាស្រេចដើម្បីយកទៅដាំ។
ក្នុងចំណោមកូនឈើចំនួន ១៩៧ ០០០ ដើម អង្គការគ្រោងនឹងបរិច្ចាគចំនួន ៨២ ០០០ ដើមជូនចំពោះក្រសួងបរិស្ថាន ចំនួន ៥០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តកោះកុង ចំនួន ២០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចំនួន ២០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និង ចំនួន ២០ ០០០ ដើម ជូនចំពោះរដ្ឋបាលស្រុកវាលវែង៕






