ខេត្តកំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យតាម រូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ នេះបើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៦ខែឧសភាឆ្នាំ២០២៤។
លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីក្រុមអធិការកិច្ច របស់អគ្គាធិការដ្ឋានក្រសួង មហាផ្ទៃបានរកឃើញថា អតីតអធិការក្រុងច្បារមនរូបនេះ នៅពេលដែលលោកកាន់តំណែងជាអធិការរងក្រុងច្បារមនរូបនេះមិនបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងនាមជានគរបាលយុត្តិធម៌ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយ នៅក្នុងក្រុងច្បារមន។ លោកបណ្ឌិតបានបញ្ជាក់ដែរថា ការតែងតាំងលោក សំអាង ផានី ជាអធិការនៃអធិការដ្ឋាន ក្រុងច្បារមននាពេលកន្លងមក គឺធ្វើឡើងស្របពេលដែលក្រុមអធិការកិច្ចកំពុងពិនិត្យ និងស្រាវជ្រាវសំណុំរឿងមិនប្រក្រតីរបស់លោក។ ប៉ុន្តែបន្ទាប់ពីក្រុមអធិការកិច្ចបានរក ឃើញភស្តុតាងគ្រប់គ្រាន់រួចមក ទើបក្រសួងមហាផ្ទៃសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរ ស័ក្តិ១ថ្នាក់ពីវរសេនីយ៍ទោមកនៅត្រឹមវរសេនីយ៍ត្រី។
យោងតាមបណ្តាញផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា កាលពីអំឡុងពាក់ កណ្តាលខែធ្នូ ឆ្នាំ២០២៣កន្លងទៅ មានករណីក្មេងទំនើងមួយ ក្រុមព្រួតគ្នាវាយលើជនរងគ្រោះបណ្តាលឲ្យរងរបួសក្បាលដេរ៣៣ថ្នេរ នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។ បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងលោកអធិការរងក្រុងច្បារមនបានដឹកនាំមន្ត្រីក្រោមឱវាទចុះប្រតិបត្តិការចាប់បានបក្ខពួកជនបង្ក ចំនួន ៤នាក់ នឹងបានខលប្រាប់ជនរងគ្រោះថា បានចាប់បានជនបង្កចំនួន៤នាក់ហើយ ហើយឲ្យជនរងគ្រោះទៅជួបនៅ អធិការរងក្រុងច្បារមន។ បន្ទាប់មកពេលជនរងគ្រោះ ទៅដល់អធិការដ្ឋានក្រុងច្បារមន ស្រាប់តែលោក សំអាង ផានីអធិការរងឲ្យផ្តិតមេដៃនៅលើក្រដាសសមួយដោយបញ្ជាក់ប្រាប់ថា ដកពាក្យបណ្ដឹង នៅក្នុងនោះលោកអធិការរងក្រុងច្បារមនបានដោះលែង ជនបង្កទាំងបួនរូបនោះ រួចទៅហើយ៕






