រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន បន្ទាប់ពីបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំបានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីចាប់ផ្តើមការងារបោសសម្អាតមីននៅឃុំចំនួន ៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទំហំផ្ទៃដីប្រមាណ ៦,៥៥ គីឡូម៉ែត្រក្រឡា ដែលការបោសសម្អាតនេះ មានរយៈពេល ៤ខែ ចាប់ពីខែសីហា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានបញ្ជូននូវកម្លាំងបញ្ជាការដ្ឋានកងវិស្វកម្មនៃកងទ័ពជើងគោក ដើម្បីចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាម ញញឹម” ព្រមទាំងចាត់ទុកថាការរួមរបស់កងទ័ពក្នុងការងារមនុស្សធម៌ គឺមានតម្លៃវិសេសវិសាលណាស់សម្រាប់ប្រទេសមួយដែលមានសន្តិភាពពេញលេញ ។ សម្តេចតេជោ មិនចង់ឃើញប្រជាពលរដ្ឋណាម្នាក់ បន្តរស់នៅទាំងភ័យខ្លាច និងបន្តរងគ្រោះដោយ សារគ្រាប់មីនទៀតទេ ហើយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងបន្តរក្សា និងការពារសន្តិភាព ពីសម្តេចតេជោ ជូនជាតិមាតុភូមិ ក្នុងនាមជាអ្នកបន្តវេនជានាយករដ្ឋមន្រ្តីនាពេលអនាគត។
សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានផ្ទៃដីមានមីនសរុបចំនួន ៤៥.៦៥៨.៤៩១ ម៉ែត្រក្រឡា ស្មើនឹង ៤០៦ ចម្ការមីន ដែលគ្រោងនឹងបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ និងប្រកាសជាខេត្តអស់មីន ក្នុងឆ្នាំ២០២៣ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន។ ស្រុកភ្នំស្រួច ដែលត្រូវប្រគល់ឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃនេះ មានផ្ទៃដីមានមីនសរុបចំនួន ៣១.៥០២.៦៥៣ ម៉ែត្រក្រឡា ២៣៥ ចម្ការមីន ស្មើនឹងប្រមាណ ៦៩% នៃផ្ទៃដីមានមីនទូទាំងខេត្តកំពង់ស្ពឺ ក្នុងនោះការអនុវត្តដំណាក់កាលទី១ មានរយៈពេល ០៤ ខែ ចាប់ផ្តើមពីខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឃុំចំនួន ៧ រួមមាន៖ ឃុំអូរ ឃុំមហាសាំង ឃុំតាំងស្យា ឃុំព្រៃរំដួល ឃុំតាំងសំរោង ឃុំក្រាំងដីវ៉ាយ និងឃុំចំបក់ ក្នុងទំហំផ្ទៃដី ៦.៥៥៨.២០២ ម៉ែត្រក្រឡា ស្មើនឹង ៦២ ចម្ការមីន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានកងវិស្វកម្មនៃកងទ័ពជើង តំណាងរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកង ទ័ពជើងគោក បានលើកឡើងថា ពិធីចុះហត្ថលេខានាថ្ងៃនេះ គឺជាការចាប់ផ្តើមការងារបោសសម្អាតមីនជាលក្ខណៈមនុស្សធម៌លើកដំបូងរបស់កងទ័ពជើងគោក ទោះបីសកម្ម ភាពបោសសម្អាតមីនបែបនេះ មានចាប់តាំងពីថ្ងៃរំដោះក៏ដោយ។ កងទ័ពជើងគោក នឹងចូលរួមជាមួយរាជរដ្ឋាភិ បាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការផ្តល់ដីសុវត្ថិភាព និងផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតាមតំបន់មានការគម្រាមកំហែងដោយសារគ្រាប់មីន។






