អភិបាលរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង បានស្នើទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាសនានានៅរាជធានីភ្នំពេញ ឲ្យធ្វើបញ្ជីស្នាក់ នៅរបស់កម្មករ កម្មការិនីឲ្យបានច្បាស់លាស់ ងាយគ្រប់គ្រង ទៅលើពួកគាត់ ដើម្បីឈានទៅកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលនៅឡើយនោះ ។
ការស្នើឡើងបែបនេះ របស់ ឯ.ឧ ឃួង ស្រេង បានធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ កាល ពីល្ងាចថ្ងៃទី០៨ខែមិថុនា នៅសាលារាជធានីភ្នំពេញ ជាមួយ នឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខា ភិបាល និងអាជ្ញាធរខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ។
ឯ.ឧ អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៏លើក ឡើង ថាក្នុងរយៈ ពេលមួយខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ ឃើញថា មិនមានការថមថយនៅឡើយទេ ហើយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះដែរ ភាគច្រើន ជាបង ប្អូនកម្មករកម្មការិនីដែលបម្រើនៅតាមបណ្តាលរោងចក្រនានានៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះស្នើ សុំទៅ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមឱ្យចេញជាសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រា ស នៅក្នុងរាជធានីភ្នំពេញ ធ្វើបញ្ជីស្នាក់នៅរបស់កម្មករឲ្យបានច្បាស់លាស់ ដើម្បីយើងអាចគ្រប់គ្រងកម្មករទាំងនោះបាននិងឈានទៅដល់ការកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ ។
បន្ថែមពីនេះទៀត ឯ.ឧ ឃួង ស្រេងក៏បានជំរុញនិងធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវត្រៀមលក្ខណៈ ដើម្បីចូលរួមសហការនិងធ្វើការងារនេះព្រមៗគ្នាជាមួយក្រសួងការងារ មានន័យថា ពេលដែលសេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញ អាជ្ញាធរខណ្ឌទាំងអស់ត្រូវសហការចុះផ្ទាល់ជាមួយនឹងក្រសួងការងារ ដើម្បីយើងអាចធ្វើការងារនេះបានលឿននិងមានប្រសិទ្ធភាព ជាមួយម្ចាស់រោងចក្រ។
ឯ.ឧ ឃួង ស្រេង បញ្ជាក់ផងដែរថា ចំពោះការងារនេះត្រូវតែធ្វើឡើងដោយលម្អិត មានទាំងលិខិតប័ត្ររបស់កម្មករ ឈ្មោះ ទីកន្លែងស្នាក់នៅច្បាស់លាស់ ដោយភ្ជាប់មកជាមួយនឹងរូបថត៤គុណនឹង ៦ផងដែរ មានន័យថា មានបញ្ហាយើងអាចឈានទៅកាត់ផ្តាច់ឬសគល់នៃជម្ងឺកូវីដ-១៩នេះបាន៕
ដោយះ សំអាតនិងពិសិដ្ឋ






