រដ្ឋាភិបាលអូស្ត្រាលីនិយាយថា ខ្លួននឹងកាត់បន្ថយចំនួនការធ្វើចំណាកស្រុកពាក់កណ្តាលរយៈពេល ២ ឆ្នាំក្នុងបំណងកែប្រែប្រព័ន្ធអន្តោប្រវេសន៍ របស់ប្រទេស។
គេមានគោលបំណងកាត់បន្ថយការទទួលយកប្រចាំឆ្នាំដល់ទៅ ២៥០,០០០ ប្រហាក់ប្រហែលនឹងកម្រិតមុនការរាតត្បាត នៅខែមិថុនាឆ្នាំ ២០២៥។ ច្បាប់ទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ និងកម្មករដែលមានជំនាញទាបក៏នឹងត្រូវរឹតបន្តឹងក្រោមផែនការថ្មីផងដែរ។ ការធ្វើចំណាកស្រុក បានកើនឡើងដល់កម្រិតកំណត់ត្រានៅក្នុងប្រទេសអូស្ត្រាលី ដោយបន្ថែមសម្ពាធដល់បញ្ហាលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ។
ប៉ុន្តែនៅមានការខ្វះខាតកម្មករជំនាញ ហើយប្រទេសនេះក៏កំពុងព្យាយាមទាក់ទាញពួកគេ។
ដោយបង្ហាញពីយុទ្ធសាស្ត្រអន្តោប្រវេសន៍ថ្មីរយៈពេល ១០ ឆ្នាំ នៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ Clare O’Neil (ឃ្លែរ អូនៀល) បាននិយាយថា ប្រព័ន្ធចំណាកស្រុកត្រូវបានទុកចោលយ៉ាង “គ្មានសណ្តាប់ធ្នាប់” ដោយរដ្ឋាភិបាលមុន។ ការពិនិត្យឡើងវិញកាលពីដើមឆ្នាំនេះបានរកឃើញថា ប្រព័ន្ធនេះត្រូវបាន “ខូចយ៉ាងធ្ងន់ធ្ងរ” ស្មុគស្មាញ, យឺតនិងគ្មានប្រសិទ្ធភាព ហើយត្រូវការធ្វើ “កំណែទម្រង់ធំ”។
ក្នុងចំណោមវិធានការថ្មី គឺមានតម្រូវការភាសាអង់គ្លេសអប្បបរមាកាន់តែតឹងរ៉ឹង សម្រាប់និស្សិតអន្តរជាតិ និងការត្រួតពិនិត្យបន្ថែមទៀត លើអ្នកដាក់ពាក្យសុំទិដ្ឋាការទីពីរ ពួកគេត្រូវតែបញ្ជាក់ថា ការសិក្សាបន្ថែមណាមួយនឹងជំរុញសេចក្តីប្រាថ្នាសិក្សារបស់ពួកគេ ឬអាជីពរបស់ពួកគេ។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា មាននិស្សិតបរទេសប្រមាណ ៦៥០,០០០ នាក់នៅក្នុងប្រទេសអូស្ត្រាលី ដោយពួកគេភាគច្រើនមានទិដ្ឋាការទីពីររបស់ពួកគេ៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






