ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គុណភាពខ្យល់នៅកម្ពុជាបន្តភាពល្អប្រសើរ ដោយមកទល់ពេលនេះមិនទាន់រកឃើញកំហាប់ភាគល្អិតនិចល PM2.5 កើនឡើងដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភដូចប្រទេសជិតខាងនោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ថា គុណភាពខ្យល់នៅកម្ពុជាស្ថិតនៅក្រោមបន្ទាត់ក្រហមនៅឡើយ ដោយពុំមានអ្វីដែលជាការព្រួយបារម្ភនោះទេ។
ដោយគិតត្រឹមថ្ងៃទី៩ ខែមករានេះ ការត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេសកម្ពុជា គឺមាន២៥,៤៩មីក្រូក្រាម ក្នុង១ម៉ែត្រគូប(µg/m3) ដែលតួលេខនេះស្ថិតនៅក្រោមស្តង់ដារជាតិដែលកំណត់យក៥០មីក្រូក្រាម ក្នុង១ម៉ែត្រគូប(µg/m3)។
ឯកឧត្តម សង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាប្រភពបំពុលខ្យល់ដល់ប្រទេសជិតខាងដូចការចោទ ប្រកាន់នោះទេ។
បើតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា គឺនាពេលបច្ចុប្បន្ន ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់បញ្ហាបំពុលខ្យល់ តាមរយៈបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតជញ្រ្ជាំង កុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម សំរាមសំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ដែលជាហេតុបង្កឱ្យមានការកើនឡើងការបំពុលបរិយាកាស។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ត្រួតពិនិត្យតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំនៅតាមរាជធានី -ខេត្ត ចំនួន៦០ទីតាំង បន្ថែមលើការបញ្ជូនរថយន្តត្រួតពិនិត្យគុណភាពខ្យល់ «វិស្ណុ» ចល័តចំនួន៣គ្រឿង ដើម្បីតាមដានគុណភាពខ្យល់ទូទាំងប្រទេស។ តាមការបញ្ជាក់របស់ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា នៅតាមបណ្តាខេត្តមានស្ថានីយ៍បំពាក់ឧបករណ៍ត្រួតពិនិត្យតាមដានគុណភាពខ្យល់ជាប្រចាំយ៉ាងតិចចាប់ពី២គ្រឿង ទៅ៣គ្រឿង។
ជាមួយគ្នានេះ ក្រុមមន្រ្តីជំនាញក្រសួងបរិស្ថាន ក៏បានធ្វើការសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយនៅវិធានការទប់ស្កាត់ការកាប់ឆ្កាដុតព្រៃ ដុតជញ្រ្ជាំង ជាប្រចាំ៕






