លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៏សហគមន៏២០កុម្ភៈ នៅមិនទាន់អាចឈានទៅបិទបញ្ចប់បានទេ ដរាបណាប្រជាពលរដ្ឋមិនចូលរួមឲ្យបានត្រឹមត្រូវ។
ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតនៅព្រឹកម៉ិញ នៅទីស្តីការក្រសួងសុខាភិបាល។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៏ថា ការចម្លងកូវីដ-១៩ ប្រជាពលរដ្ឋនៅតែមានការធ្វេសប្រហែស ហាក់មិនខ្លាចរអារចំពោះការចម្លង កូវីដ-១៩ ត្បិតប្រជាពលរដ្ឋមួយចំនួននៅតែបន្តការជួបជុំ និងការរៀបចំកម្មវិធី ផ្សេងៗ។
លោកជំទាវបញ្ជាក់ថា វីរុសបម្លែងថ្មីនេះ កំពុងចរាចរណ៏នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនហើយ ហើយវីរុសបម្លែងថ្មីឆ្លងលឿន និងសាហាវជាងមុន ពោលគឺអាចចម្លងទ្វេដង ក្នុងពេលតែមួយត ហើយថែមទាំងបណ្តាលឲ្យមានមនុស្សស្លាប់ថែមទៀតផង។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែមីនា បានរកឃើញអ្នកវិជ្ជមានរហូតដល់ទៅ៨១០នាក់ និងបណ្តា លឲ្យអ្នកជំងឺម្នាក់បានស្លាប់។
វីរុសនេះបានឆ្លងរីករាលដាលទៅខេត្តព្រះសីហនុ កណ្តាល ព្រៃវែង កោះកុង កំពង់ចាម កំពង់ធំ បាត់ដំបង និងសៀមរាបជាដើម។
លោកជំទាវសង្កត់ធ្ងន់ថា ព្រឹត្តិការណ៏សហគមន៏២០កុម្ភៈ នៅមិនទាន់អាចឈានទៅបិទបញ្ចប់បានទេ ដរាបណាប្រជាពលរដ្ឋមិនចូលរួមឲ្យបានត្រឹមត្រូវ។
វិធានការចាំបាច់បំផុត ក្នុងការកាត់ផ្តាច់ការចម្លងកូវីដ-១៩ ឲ្យបានឆាប់រហ័សបំផុត ដើម្បីឈានទៅបិទបញ្ចប់ព្រឹត្តិការណ៏នេះ ដោយតម្រូវ ឲ្យមានការចូលរួមរបស់ពលរដ្ឋ កុំចល័តចេញពីផ្ទះបើមិនចាំបាច់ អនុវត្តវិធានការ៣ការពារ និង៣កុំឱ្យបានម៉ត់ចត់ជាទីបំផុត និងអ្នកដែលមានតម្រូវឱ្យធ្វើចត្តាឡីស័ក គឺត្រូវមានភាពស្មោះត្រង់ នោះការរីករាល ដាលអាចនឹងទប់ស្កាត់ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ មីនា បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន២០ករណី ភាគច្រើនជាប្រជាពលរដ្ឋខ្មែរ មាននៅខេត្តកណ្តាល និងភ្នំពេញ។ សេចក្តីប្រកាសព្រឹកម៉ិញ បន្ថែមថា មនុស្សចំនួន៨៣នាក់ បានជាសះស្បើយ៕






